សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បង្ហាញពីប្រសិទ្ធភាព សមត្ថភាពការទូត និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ ខណៈ ការចំណាយថវិការៀបចំ មានកម្រិតតិចតួចបំផុត
20-11-2026 16:42
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ព្រមទាំងព្រឹត្តិការណ៍អមនានា ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងធំធេង ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ។
ការថ្លែងអំណរគុណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ត្រូវបានធ្វើឡើងខណៈដែលសម្តេចកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
តាមសេចក្តីប្រកាសព័ត៌មាន របស់គណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា សម្តេចមហាបវរធិបតី ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋគ្រប់ទិសទី ទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការសាទរ និងគាំទ្រចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះ បានបង្ហាញពីប្រសិទ្ធភាព និងសមត្ថភាពការទូតរបស់កម្ពុជា ក្នុងការសម្របសម្រួល និងរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗបែបនេះបានយ៉ាងល្អ ខណៈដែលការចំណាយថវិកា ក្នុងការរៀបចំមានកម្រិតតិចតួចបំផុត»។
លើសពីនេះសម្តេចមហាបវរធិបតី បានចាត់ទុកជោគជ័យនេះថា «ជាការបង្ហាញឱ្យពិភពលោកបានឃើញថា កម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ ដែលអនុញ្ញាតឱ្យភ្ញៀវបរទេស ជាពិសេសប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសនានា អាចដើរកម្សាន្តយ៉ាងសប្បាយរីករាយ ដោយគ្មានការព្រួយបារម្ភ ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តនានា មិនថាពេលយប់ឬពេលថ្ងៃឡើយ។ នេះជាសារដ៏សំខាន់មួយ ប្រកបដោយភាពវិជ្ជមាន ពីកម្ពុជាទៅកាន់ពិភពលោក»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ត្រឹម១៥លានដុល្លារ សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលទើបត្រូវបានបិទបញ្ចប់កាលពីពេលកន្លងទៅថ្មីៗនេះ ប្រកបដោយភាពជោគជ័យ និងលើកកិត្យានុភាពកម្ពុជានៅលើឆាកអន្ដរជាតិ៕

















