FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុម័តទាំងស្រុង (Video inside)

20-11-2026 16:35

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងរបាយការណ៍ចំនួន១ និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន២។

សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ នេះរួមមាន (១) សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ (២) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (៣) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋ ប្រជាមានិតចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ចំពោះសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ គឺជារបាយការណ៍ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាជូនធុរជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមានវិសាលភាពគ្របដណ្តប់វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចស ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រួមមាន ២៥មាត្រាត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតក្របខ័ណ្ឌ គាំទ្រ និងជំរុញការអនុវត្តវិធានការនៃកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយផ្អែកលើការផ្លាស់ប្តូរទិន្នន័យ និងឯកសារពាណិជ្ជកម្មនៅក្នុងទម្រង់អេឡិចត្រូនិក។ ក្របខ័ណ្ឌគាំទ្រនេះ មានគោលដៅដោះស្រាយបញ្ហាប្រឈម ក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមរយៈ ទី១. ការកាត់បន្ថយនូវរបាំងផ្នែកគតិយុត្តនិងបច្ចេកទេស ទី២. ការ កាត់បន្ថយថ្លៃធ្វើពាណិជ្ជកម្ម ទី៣. ការបំពេញបន្ថែមក្នុងការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មក្រោម ក្របខ័ណ្ឌ WTO និង ទី៤. ការកាត់បន្ថយគម្លាតអភិវឌ្ឍរវាងប្រទេសក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋ ប្រជាមានិតចិន៖ ពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ មានចំនួន ៦មាត្រា និងបរិសិដ្ឋ មាន ១៤ជំពូក ក្នុងនោះ ៤ជំពូកត្រូវបានធ្វើវិសោធនកម្ម ៥ជំពូកទៀតរក្សាទុកដដែល និងបន្ថែមជំពូកថ្មីចំនួន៥។ ពិធីសារនេះមានគោលបំណងសំខាន់ៗ ដូចជា៖

(ក). ដាក់បញ្ចូលនូវជំពូកថ្មីចំនួន៥ រួមមាន (១) ការប្រកួតប្រជែង និងកិច្ចការពារ អ្នកប្រើប្រាស់ (២) សេដ្ឋកិច្ចឌីជីថល (៣)សេដ្ឋកិច្ចបៃតង (៤) ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និង (៥) សហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានកែសម្រួលនិងបញ្ចូលធាតុចូលដែលមានតម្លៃបន្ថែមលើជំពូកស្តីពីនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម ស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម អនាម័យនិងភូតគាម អនាម័យ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ដែលនឹងផ្តល់ផលប្រយោជន៍ដល់បណ្តាភាគីទាំងអស់ រួមទាំងកម្ពុជា ក្នុងការពង្រីកនិងធ្វើទំនើបកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គងតំបន់និងសកល ដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពធន់រឹងមាំ។

(ខ). ឆ្លុះបញ្ចាំងអំពីតម្រូវការចាំបាច់ក្នុងការធ្វើទំនើបកម្មកិច្ចព្រមព្រៀងនិងពន្លឿនការស្តារឡើងវិញក្រោយវិបត្តិនៃជំងឺរាលដាលជាសកល ដោយពិចារណាលើបម្រែបម្រួលនៃនិន្នាការ ធុរកិច្ចទូទាំងពិភពលោក និងរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ ដើម្បីធានាឱ្យបាននូវការលើកកម្ពស់ដល់កិច្ចសម្រួល ពាណិជ្ជកម្ម និងវិនិយោគរវាងបណ្តាភាគី លុបបំបាត់រាល់របាំងមិនចាំបាច់ចំពោះការធ្វើពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងធានានូវបរិយាកាសពាណិជ្ជកម្មដែលប្រកបដោយតម្លាភាព និងអាចព្យាករណ៍បាន និង

(គ). ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្តាភាគី ដើម្បីធានាថា ភាគីនីមួយៗអាចទទួលបានអត្ថប្រយោជន៍ជាអតិបរមាពី ការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលនឹងផ្តល់ ការគាំទ្រ និងជំនួយបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយ និងកសាងសមត្ថភាពស្ថាប័ន លើកកម្ពស់កិច្ចសហប្រតិបត្តិការ និយតកម្ម ព្រមទាំងបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគជាអាទិ៍។

ពិធីសារនេះផ្តល់អត្ថប្រយោជន៍ដល់កម្ពុជារួមមាន ១៖ពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច ២៖ ទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេសកាន់តែទូលំទូលាយ ៣៖ បង្កើនថវិកាជាតិ ៤៖ ពង្រឹងវិស័យដែលមានស្រាប់ក្រោមជំពូក ចំនួន៤ ដើម្បីឆ្លើយតបកាន់តែប្រសើរចំពោះការវិវត្តនៃពាណិជ្ជកម្ម និងនិន្នាការសេដ្ឋកិច្ចក្នុងតំបន់និងសកល ៥៖ ពង្រឹងសក្តានុពលកំលាំងពលកម្ម សហគ្រិនភាពក្នុងស្រុក ៦៖ ការទទួលបាននូវជម្រើសទំនិញនិងសេវាកម្ម កាន់តែច្រើន និង ៧៖ បន្ថែមជំពូកថ្មីចំនួន៥ (ការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម) ដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះ មានភាពទំនើប៕