FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ៖ វិស័យកសិកម្មរួមចំណែក ៥៣% នៃ GDP ខេត្ត ឬប្រមាណ ២០០លានដុល្លារក្នុងមួយឆ្នាំ ដែលជាប្រភពចំណូលផ្ទាល់របស់ប្រជាពលរដ្ឋ

20-11-2026 15:18

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ខេត្តព្រះវិហារមានផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៤០០លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះវិស័យកសិកម្មរួមចំណែកប្រមាណ ៥៣% ឬស្មើនឹងប្រមាណ ២០០លានដុល្លារ ដែលជាចំណូលចាក់បញ្ចូលដោយផ្ទាល់ទៅក្នុងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសដែលក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានប្រគល់គ្រឿងយន្តកសិកម្មចំនួន ៣១ គ្រឿង ជូនសហគមន៍កសិកម្មចំនួន ២៨ក្រោមគម្រោង PEARL នៅខេត្តព្រះវិហារ។

លោក គីម រិទ្ធី បានបញ្ជាក់ថា ខេត្តព្រះវិហារនៅតែជាខេត្តដែលមានកម្រិតចំណូលមធ្យមទាបជាងគេទី២ បន្ទាប់ពីខេត្តឧត្តរមានជ័យ ដោយមានចំណូលជាមធ្យមប្រមាណ ១,៧៧៧ដុល្លារក្នុងមួយឆ្នាំ ខណៈខេត្តមួយចំនួនមានចំណូលជាមធ្យមចាប់ពី ២,០០០ដុល្លារ រហូតដល់ ៣,០០០ដុល្លារក្នុងមួយឆ្នាំ។

លោកបានឱ្យដឹងទៀតថា ការផ្ដល់គ្រឿងយន្តកសិកម្មនេះ ធ្វើឡើងចំពេលដែលខេត្តព្រះវិហារកំពុងមមាញឹកក្នុងរដូវច្រូតកាត់ស្រូវ ខណៈតម្លៃស្រូវនៅឆ្នាំនេះកំពុងឡើងថ្លៃ ធ្វើឱ្យតម្រូវការសេវាច្រូតកាត់មានការកើនឡើង។ ស្ថានភាពនេះបានធ្វើឱ្យថ្លៃឈ្នួលច្រូតស្រូវកើនឡើងពី ២៥ម៉ឺនរៀល ទៅ ៣០ម៉ឺនរៀល ក្នុងមួយហិកតា ទៅ ៤០ម៉ឺនរៀល និង ៥០ម៉ឺនរៀល ក្នុងមួយហិកតា។

ជាមួយគ្នានេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការផ្ដល់គ្រឿងយន្តកសិកម្មដល់សហគមន៍ គឺជាការគាំទ្រដល់កសិករតាមរយៈការប្រើប្រាស់សម្ភារៈរួម។ ដើម្បីធានានិរន្តរភាព សហគមន៍ត្រូវមានផែនការអាជីវកម្មច្បាស់លាស់ ចេះប្រើប្រាស់ និងថែទាំគ្រឿងយន្តឱ្យបានត្រឹមត្រូវ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលនយោបាយកសិកម្មមិនមែនផ្ដោតតែលើការបង្កើនបរិមាណផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្ដោតលើការកាត់បន្ថយថ្លៃដើម បង្កើនគុណភាព និងតម្លៃបន្ថែមនៃផលិតផល ដើម្បីឱ្យកសិករទទួលបានប្រាក់ចំណេញកាន់តែច្រើន។

ជាពិសេស ការជំរុញផលិតកម្មសរីរាង្គ និងការកែច្នៃផលិតផលកសិកម្ម និងជលផល ក៏ជាមធ្យោបាយសំខាន់ក្នុងការពង្រីកទីផ្សារ និងបង្កើនតម្លៃផលិតផលរបស់សហគមន៍ផងដែរ។

ដោយឡែក លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានលើកឡើងថា ខេត្តព្រះវិហារមានសក្ដានុពលលើវិស័យជលផល និងវារីវប្បកម្ម។

លោកស្រីបានបញ្ជាក់ថា FAO គឺឈរយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទាំង៣ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីរួមគ្នាជំរុញវឌ្ឍនភាព និងការអភិវឌ្ឍវិស័យទាំងនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមជម្រាបថា គម្រោង PEARL គឺជាគម្រោងដែលមានគោលបំណងគាំទ្រដល់កសិករខ្នាតតូចឱ្យអនុវត្តកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ផលិតភាព និងពង្រឹងការតភ្ជាប់ទៅកាន់ទីផ្សារប្រកបដោយនិរន្តរភាព៕