ធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តកណ្តាល បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR» ដើម្បីលើកកម្ពស់រូបិយវត្ថុជាតិ
20-11-2026 15:14
(កណ្តាល)៖ ការលើកតម្កើនប្រាក់រៀល ពិតជាមានតម្លៃសម្រាប់កម្ពុជាយើង ដើម្បីលើកកម្ពស់រូបិយប័ណ្ណជាតិយើងឲ្យកាន់តែរឹងមាំឡើង។ នេះជាការលើកឡើងរបស់គណៈអធិបតី នៅក្នុងកម្មវិធីជួបជាមួយសិស្ស និស្សិត និងពលរដ្ឋរាប់រយនាក់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR)» នៅបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ។
លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោក យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ ។
ថ្លែងក្នុងសិក្ខាសាលានេះ លោក ប៊ុន ផេង បានគូសបញ្ជាក់ថា ប្រាក់រៀលមានតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេស លទ្ធផលសិក្សារួមរវាងធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ បានបង្ហាញថា ការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាលប្រមាណ ៨៨% ធ្វើឡើងជាប្រាក់រៀល។
លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ក្រុមហ៊ុន និងសហគ្រាសទាំងអស់ បន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ព្រមទាំងគាំទ្រការទូទាត់តាមប្រព័ន្ធបាគង និង KHQR ដែលជាមធ្យោបាយទូទាត់ទំនើប ងាយស្រួល និងរួមចំណែកជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
លោក យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងប្រវត្តិ និងការវិវត្តនៃប្រាក់រៀល ចាប់តាំងពីការបោះពុម្ព ការដាក់ឱ្យប្រើប្រាស់ រហូតដល់ការអភិវឌ្ឍរូបរាង ទំហំ និងបច្ចេកវិទ្យាសុវត្ថិភាពលើក្រដាសប្រាក់រៀលជាបន្តបន្ទាប់។
លោក យឹម លាត បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីលក្ខណៈសម្គាល់រវាងក្រដាសប្រាក់រៀលពិត និងក្រដាសប្រាក់រៀលក្លែងក្លាយ ដោយត្រូវយកចិត្តទុកដាក់ ពិនិត្យលើសញ្ញាសម្គាល់សុវត្ថិភាពដែលមាននៅលើក្រដាសប្រាក់ ដូចជា៖ ក្រដាសសុវត្ថិភាព សញ្ញាសម្គាល់ផ្សេងៗ ខ្សែសុវត្ថិភាព និងលក្ខណៈពិសេសជាច្រើនទៀត ដែលអាចពិនិត្យតាមរយៈការមើល ការប៉ះ និងការផ្អៀងក្រដាសប្រាក់ ការយល់ដឹងនេះមានសារៈសំខាន់ ក្នុងការជួយប្រជាពលរដ្ឋការពារខ្លួនពីការចរាចរណ៍ក្រដាសប្រាក់ក្លែងក្លាយ និងចូលរួមថែរក្សាទំនុកចិត្តលើរូបិយវត្ថុជាតិ។
បន្ថែមពីលើនេះ លោកទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ប្រាក់រៀល ដែលជួយគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក រក្សាអត្តសញ្ញាណជាតិ និងជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល តាមរយៈប្រព័ន្ធបាគង និង KHQR ដែលអាចជួយសម្រួលដល់ការទូទាត់ប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល សុវត្ថិភាព និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ដោយផ្ទាល់។
ជាងនេះទៀតនោះ លោកទេសាភិបាលរង ក៏បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័នឯកជនទាំងអស់ សូមពិចារណាចូលរួមបើកប្រាក់បៀវត្សជូនបុគ្គលិក និងកម្មករនិយោជិត ជាប្រាក់រៀលឱ្យបានកាន់តែច្រើនឡើង ដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយ ក្នុងសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃ ព្រមទាំងបង្កើនចំណេះដឹង និងទម្លាប់ប្រើប្រាស់ប្រាក់រៀលក្នុងសង្គម៕














