ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
20-11-2026 15:12
(ភ្នំពេញ)៖ លោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសបារាំងនឹងបន្តផ្តល់ការបណ្តុះបណ្តាលដល់កងយោធពលខេមរភូមិន្ទ ស្របតាមតម្រូវការរបស់កម្ពុជា ក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងប្រទេសទាំងពីរ។
ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៦ លោកឯកអគ្គរដ្ឋទូតបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងកម្ពុជា និងបារាំង មានប្រវត្តិចាប់ផ្តើមតាំងពីប្រមាណ៨០ឆ្នាំមុន និងត្រូវបានបន្តឡើងវិញកាលពីប្រមាណ៣០ឆ្នាំមុន។
លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ គឺជាឯកសារសំខាន់មួយក្នុងចំណោមឯកសារដែលត្រូវបានចុះហត្ថលេខា ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មកកាន់កម្ពុជា។
តាមការបញ្ជាក់របស់លោក Olivier Richard ក្រោមកិច្ចព្រមព្រៀងនេះ ភាគីបារាំងនឹងធានាផ្តល់ការបណ្តុះបណ្តាលតាមតម្រូវការរបស់កងយោធពលខេមរភូមិន្ទ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ «នាយទាហានកម្ពុជាបានទៅបណ្តុះបណ្តាលនៅប្រទេសបារាំង ហើយបច្ចុប្បន្ននេះ ក៏មានការផ្លាស់ប្តូរនិស្សិតនាយទាហានរវាងប្រទេសទាំងពីរផងដែរ ដោយនិស្សិតនាយទាហានបារាំងបានមកចូលរួមកម្មវិធីបណ្តុះបណ្តាលនៅកម្ពុជា។»
លោកបានបន្ថែមថា «កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ដូច្នេះ យើងបានរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីជួយដល់កងកម្លាំងកម្ពុជាដែលត្រូវចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្នុងប្រតិបត្តិការរក្សាសន្តិភាពទាំងនេះ។ ការបណ្តុះបណ្តាលមានទាំងផ្នែកបច្ចេកទេស និងផ្នែកភាសា។ ការបណ្តុះបណ្តាលផ្នែកបច្ចេកទេសរួមមាន ឧទាហរណ៍ ការដោះមីន និងវិធីសាស្ត្ររបស់អង្គការសហប្រជាជាតិក្នុងវិស័យនគរបាលយោធា។»
លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ការបន្តពង្រឹងទំនាក់ទំនងកម្ពុជា-បារាំង ត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋានមិត្តភាពយូរអង្វែង និងការគោរពអធិបតេយ្យភាពរបស់កម្ពុជា។
លោកបានបញ្ជាក់ជាថ្មីថា បារាំងមិនមានបំណងប្រកួតប្រជែងជាមួយប្រទេសណាមួយនៅអាស៊ីនោះទេ ប៉ុន្តែចង់បន្តធ្វើជាមិត្ត និងដៃគូរបស់កម្ពុជានាពេលអនាគត៕
