មន្ត្រីជាន់ខ្ពស់សុរិយោដី ជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធពន្លឿនការរៀបចំប្លង់គោលប្រើប្រាស់ដី ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍដែនដីប្រកបដោយចីរភាព តុល្យភាព និងសមធម៌
20-11-2026 15:12
(កំពង់ស្ពឺ)៖ លោក ខ្លូត រតនា មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានជំរុញគ្រប់ភាគីពាក់ព័ន្ធឲ្យពន្លឿនការរៀបចំប្លង់គោលប្រើប្រាស់ដី ដើម្បីធានាដល់ការគ្រប់គ្រង និងអភិវឌ្ឍដែនដី ប្រកបដោយចីរភាព តុល្យភាព និងសមធម៌។
ការជំរុញបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការរៀបចំប្លង់គោលប្រើប្រាស់ដីចក្ខុវិស័យឆ្នាំ២០៤០ សម្រាប់ក្រុងច្បារមន ស្រុកសាមគ្គីមុនីជ័យ និងក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ។
លោក ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានលើកឡើងថា ការរៀបចំឱ្យមានប្លង់គោលប្រើប្រាស់ដី ចក្ខុវិស័យឆ្នាំ២០៤០ គឺជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីតម្រង់ទិសការអភិវឌ្ឍ និងការអភិរក្សដែនដីរយៈពេលវែងប្រកបដោយចីរភាព តុល្យភាព និងប្រសិទ្ធភាព ព្រមទាំងស្របតាមកំណើនប្រជាជន និងការពង្រីកទីក្រុង ឬទីប្រជុំជននាពេលអនាគត។
រដ្ឋលេខាធិការបន្តថា ការរៀបចំឱ្យមានប្លង់គោលនៃការប្រើប្រាស់ដីនៅតាមបណ្ដាក្រុងស្រុក មិនខុសពីការបែងចែកតំបន់ប្រើប្រាស់ដីឱ្យបានច្បាស់លាស់នោះទេ ដែលការបែងចែកនេះពិតជាបានជួយឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ងាយស្រួលក្នុងការគ្រប់គ្រង និងអាចកំណត់បានច្បាស់លាស់នូវតំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម ដីកសិកម្ម តំបន់អភិរក្ស បរិស្ថាន ប្រភពទឹក និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ (សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់) ជាដើម។ មួយវិញទៀត ការកំណត់បានប្លង់គោលវាក៏ជាឧបករណ៍មួយដែលអាចទាក់ទាញការវិនិយោគផងដែរ។
លោក ខ្លូត រតនា បានបញ្ជាក់ថា ការកសាងប្លង់គោលសម្រាប់ប្រើប្រាស់ដីនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុក ពិសេសខេត្តកំពង់ស្ពឺ នឹងផ្ដល់ភាពច្បាស់លាស់ផ្នែកច្បាប់ និងផែនការដល់វិនិយោគិនក្នុងស្រុក និងបរទេស ព្រមទាំងកាត់បន្ថយទំនាស់ដីធ្លី ឬការសាងសង់គ្មានសណ្ដាប់ធ្នាប់។ លើសពីនេះ ក៏ធានាដល់ការអភិវឌ្ឍទន្ទឹមគ្នានឹងការការពារធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ កំណត់ការប្រើប្រាស់ដី និងសក្ដានុពលដែលមានស្រាប់ឱ្យចំទិសដៅ ស្របតាមគោលនយោបាយជាតិ និងកំណើនប្រជាពលរដ្ឋទៅអនាគត។ មិនតែប៉ុណ្ណោះ ក៏រក្សាបាននូវតុល្យភាពរវាងការសាងសង់នគរូបនីយកម្ម ជាមួយនឹងការការពារដីកសិកម្ម តំបន់អភិរក្ស ប្រភពទឹក និងបរិស្ថានបានច្បាស់លាស់ផងដែរ។
ដើម្បីឱ្យការងាររៀបចំប្លង់គោលប្រើប្រាស់ដីក្នុងក្រុង ស្រុកទាំងបីខាងលើទទួលបានជោគជ័យ និងឆាប់រហ័ស រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ក៏បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាពខ្ពស់ ធានាឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមនីយកម្ម និងស៊ីវិល័យ។
ជុំវិញការកសាង និងរៀបចំប្លង់គោលសម្រាប់ក្រុងច្បារមន ស្រុកសាមគ្គីមុនីជ័យ និងក្រុងឧដុង្គម៉ែជ័យ លោកវិស្វករ តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ផងដែរថា ក្រុមការងារជំនាញបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការងារនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ (បញ្ចកោណទី៤) គឺ «ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន» ដោយផ្ដោតលើមុំទី៤ ស្តីពីការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដើម្បីធានាសុវត្ថិភាព សោភ័ណភាព និងប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងនោះ ភាគីពាក់ព័ន្ធរួមជាមួយអាជ្ញាធរមូលដ្ឋានបានសហការយ៉ាងសកម្មដែលអាចឱ្យដំណើររៀបចំ កសាងប្លង់គោលប្រើប្រាស់ដីនេះ អាចរួចរាល់តាមផែនការ និងមានប្រសិទ្ធភាពខ្ពស់៕















