តំណាងរាស្ត្រមណ្ឌលព្រះវិហារ នាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ នៅឃុំយាង ស្រុកជាំក្សាន្ត
20-11-2026 14:38
(ព្រះវិហារ)៖ លោកបណ្ឌិត មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ រួមជាមួយក្រុមការងារនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ដែលរស់នៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះលោកបណ្ឌិត មាស សុភា បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជាយដែន។
ជាមួយគ្នានេះបណ្ឌិត មាស សុភា ក៏បានលើកឡើងអំពីស្ថានភាពបញ្ហាព្រំដែន ដោយបានធ្វើការពន្យល់ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ សាមគ្គីភាព និងមានការប្រុងប្រយ័ត្នចំពោះព័ត៌មានផ្សេងៗ ដែលមិនទាន់មានប្រភពច្បាស់លាស់ ជៀសវាងការជឿ ឬចែកចាយព័ត៌មានដែលអាចបង្កឱ្យមានការយល់ច្រឡំ និងភាពចលាចលក្នុងសង្គម។
លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការរក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងបន្តខិតខំដោះស្រាយបញ្ហាព្រំដែន តាមរយៈយន្តការការទូត ច្បាប់អន្តរជាតិ និងការចរចាដោយសន្តិវិធី ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ ព្រមទាំងចៀសវាងការប្រឈមមុខដាក់គ្នាដែលអាចប៉ះពាល់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
អំណោយដែលនាំមកចែកជូនដល់ប្រជាពលរដ្ឋទាំង ១៥០គ្រួសារ ក្នុងឱកាសនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖មុងចំនួន ០១ ភួយចំនួន ០១ ក្រមាចំនួន ០១ ខោអាវកីឡាចំនួន ០១កំប្លេ នំចំនួន០២កញ្ចប់ ថវិកាចំនួន ២០,០០០រៀល៕









