FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសបិទផ្សាយភូមិចំនួន៧ ក្នុងឃុំកំពង់ត្រឡាច រយៈពេល១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន

20-11-2026 14:38

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិកំពង់ត្រឡាចលើ, ភូមិកំពង់ត្រឡាចក្រោម, ភូមិកំពង់ក្ដារ, ភូមិកៀនរការ, ភូមិអ្នកតាហាង, ភូមិសំរឹទ្ធិជ័យ, ភូមិព្រែកគន្លង, ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ ស្ថិតនៅក្នុងបរិវេណបុរីស្រីប្រាឌ័រ (3 Brothers) ក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ដើម្បីឱ្យម្ចាស់ដីមកធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុនចេញប័ណ្ណយកមកប្រើប្រាស់។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងលោក សុខ ចំរើន អភិបាលរងស្រុក និងលោក-លោកស្រីមន្ទីរស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងធនាគារឯកជន និងប្រជាពលរដ្ឋជាច្រើននាក់។

លោក លី សុភា ប្រធានមន្ទីរបានបញ្ជាក់ថា ការបិទផ្សាយពេលនេះគឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ម្ចាស់ក្បាលដីពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ដូចជាឈ្មោះ អក្ខរាវិរុទ្ធ ទំហំ រូបរាងដីជាដើម។ ប្រសិនបើមានកំហុសឆ្គង អាចធ្វើការប្ដឹងជំទាស់តវ៉ាកែតម្រូវឡើងវិញក្នុងរយៈពេល១៥ថ្ងៃនេះ រាប់ទាំងថ្ងៃឈប់សម្រាកនិងថ្ងៃបុណ្យ។ ដើម្បីឱ្យការពិនិត្យងាយស្រួល សូមម្ចាស់ដីភ្ជាប់មកជាមួយឯកសារដូចជាប័ណ្ណសម្គាល់ក្បាលដី អត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតជាដើម។

មានប្រសាសន៍នាឱកាសនោះ លោក ឈិន សេងងួន អភិបាលរងខេត្ត បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានពុះពារនូវឧបសគ្គគ្រប់បែបយ៉ាងក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ទទួលបាលលទ្ធផលកន្លងមក។

លោក ឈិន សេងងួន បានបន្តទៀតថា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវយន្តការពន្លឿនការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវសិទ្ធិកាន់កាប់ដោយស្របច្បាប់ កាត់បន្ថយវិវាទ និងបង្កើនសេដ្ឋកិច្ចគ្រួសារ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានស្នើដល់អាជ្ញាធរជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលមានដីក្នុងភូមិខាងលើ មកចូលរួមពិនិត្យឱ្យបានគ្រប់ៗគ្នា៕