FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «បរិស្ថានបៃតង ភូមិឋានស្អាត» ជំរុញការចូលរួមថែរក្សាអនាម័យ និងសោភ័ណភាពបរិស្ថាន

20-11-2026 14:37

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក យ៉ង ភិរម្យ អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «បរិស្ថានបៃតង ភូមិឋានស្អាត» ដែលរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ស្ថិតក្នុងភូមិពង្រ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរស្ថាប័នជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

គោលបំណងនៃការប្រារព្ធទិវានេះ គឺដើម្បីបង្កើនការយល់ដឹង និងជំរុញស្មារតីទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចំពោះការថែរក្សាអនាម័យ និងការការពារបរិស្ថាន ពិសេសការចូលរួមសម្អាតលំនៅឋាន សាលារៀន ទីសាធារណៈ ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការដាំដើមឈើបន្ថែម ដើម្បីបង្កើតបាននូវបរិស្ថានបៃតងស្អាត និងមានសោភ័ណភាព ព្រមទាំងរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក យ៉ង ភិរម្យ បានមានប្រសាសន៍ផ្តាំផ្ញើដល់អង្គពិធីទាំងមូល ឱ្យបន្តយកចិត្តទុកដាក់ និងចូលរួមអនុវត្តការងារអនាម័យបរិស្ថានឱ្យបានជាប្រចាំ ដោយចាប់ផ្តើមពីខ្លួនឯង គ្រួសារ សាលារៀន និងសហគមន៍ ពិសេសត្រូវបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់កុមារ និងយុវជន តាមរយៈការរក្សាអនាម័យ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងការចូលរួមដាំដើមឈើ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការថែរក្សាបរិស្ថានមិនមែនជាកាតព្វកិច្ចរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ដូច្នេះ ត្រូវរួមគ្នាបង្កើតទម្លាប់រស់នៅស្អាត មានអនាម័យ និងចេះស្រឡាញ់បរិស្ថាន ដើម្បីធានាបាននូវភូមិឋានស្អាត បរិស្ថានបៃតង និងសុខុមាលភាពល្អប្រសើរសម្រាប់សហគមន៍ និងកូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន ឱ្យបន្តចូលរួមក្នុងចលនាសម្អាតបរិស្ថាន និងថែរក្សាសោភ័ណភាពមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ស្របតាមប្រធានបទ «បរិស្ថានបៃតង ភូមិឋានស្អាត» ដើម្បីរួមគ្នាកសាងសហគមន៍មួយដែលមានអនាម័យ សុខភាពល្អ និងការរស់នៅប្រកបដោយភាពសុខដុមរមនា៕