អភិបាលខេត្តកំពត ចុះពិនិត្យផ្សារកំពង់ត្រាច និងណែនាំឱ្យរៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរជូនអាជីវករ
20-11-2026 14:34
(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អ្នកវិនិយោគផ្សារ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការលក់ដូរឱ្យបានត្រឹមត្រូវ ចៀសវាងការលក់ដូររំលោភលើចំណីផ្លូវ ឬបាំងផ្លូវធ្វើដំណើរ។
ជាពិសេស ត្រូវរក្សាទុកផ្លូវចេញចូល ឱ្យបានធំទូលាយសម្រាប់រថយន្តគ្រប់ប្រភេទ ជាពិសេស គឺផ្លូវសម្រាប់រថយន្តពន្លត់អគ្គិភ័យអាចចេញចូលអន្តរាគមន៍ បានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្នណាមួយកើតឡើង ជាយថាហេតុ។
ការណែនាំនេះខណៈលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រី អាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលកែលម្អផ្សារកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកអភិបាលខេត្ត ក្នុងដំណើរចុះពិនិត្យនេះ មានគោលបំណងជំរុញឱ្យការសាងសង់សម្រេចបានតាមផែនការ និងផ្តល់ភាពងាយស្រួល ព្រមទាំងមានសោភ័ណភាពល្អប្រសើរ សម្រាប់ការប្រកបអាជីវកម្មលក់ដូររបស់បងប្អូន អាជីវករ និងប្រជាពលរដ្ឋទូទៅ។
ការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺជាអាទិភាពដ៏សំខាន់មួយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ សុវត្ថិភាព និងការបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដល់បងប្អូនអាជីវករ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងបង្កើនសោភ័ណភាពនៅពេលរាត្រី លោកអភិបាលខេត្ត ក៏បានផ្តល់ជូននូវអំពូលភ្លើងស៊ូឡាមួយចំនួន ដើម្បីយកទៅបំពាក់នៅតាមបង្គោលភ្លើងជុំវិញបរិវេណផ្សារកំពង់ត្រាច សម្រាប់បំភ្លឺនាពេលយប់ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងអាជីវករដែលមករៀបចំលក់ដូរនៅពេលព្រឹកព្រលឹមផងដែរ៕










