ឧត្តមសេនីយ៍ឯក យឹម លាង នាំកូនស្រីពៅ ទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ សូមអញ្ជើញចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
20-11-2026 14:16
(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌប្ញស្សីកែវ លោកឧត្តមសេនីយ៍ឯក យឹម លាង នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននាំកូនស្រីពៅ ដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋម្ចាស់ឆ្នោតម្នាក់។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក យឹម លាង បានបានអំពាវនាវដល់អ៊ុំ ពូ មីង យាយតា ជាពិសេសក្មួយៗនិសិ្សត ដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅឃុំសង្កាត់របស់ខ្លួន ដែលរស់នៅ ដើម្បីបោះឆ្នោតជូនគណបក្សនយោបាយ ដែលបានដឹកនាំប្រទេសជាតិនាំឲ្យមានសន្តិភាព រីកចំរើន និងការអភិវឌ្ឃន៍ដូចសព្វថ្ងៃ រហូតដល់ថ្ងៃអនាគត។
លោកឧត្តមសេនីយ៍ឯក យឹម លាង ក៏បានជំរុញដល់ពលរដ្ឋដែលធ្លាប់បានបោះឆ្នោតកន្លងទៅ សូមឲ្យទៅពិនិត្យឈ្មោះបោះឆ្នោត ដែលបិទផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅតាមឃុំសង្កាត់ ហើយចំពោះ អ្នកដែលទើបមានអាយុដល់បោះឆ្នោត ឲ្យទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា សម្រាប់ត្រៀមចូលរួមបោះឆ្នោតនាពេលខាងមុខ ជាពិសេសការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលប្រព្រឹត្តទៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៨ ខាងមុខ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤៣ នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៤២ ៨២២នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។
គ.ជ.ប បានបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ អនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី៕






