ក្រសួងមហាផ្ទៃ បើកវគ្គបណ្តុះបណ្តាលស្តីពីបញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃអគ្គនាយកដ្ឋានចំណុះក្រសួង
20-11-2026 14:04
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា មកដល់ពេលនេះ គណៈកម្មាធិការ បានរៀបចំវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយសរុបចំនួន២៣លើក ដោយមានអ្នកចូលរួមជាមន្ត្រីរាជការស៊ីវិល និងកងកម្លាំង ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សរុបចំនួន៧,៣១៧នាក់ ក្នុងនោះ នៅថ្នាក់ជាតិចំនួន៥លើក ស្មើនឹង១,៥៤០នាក់ និងនៅថ្នាក់ក្រោមជាតិចំនួន១៨លើក ស្មើនឹង៥,៧៧៧នាក់។
សមិទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈមោះមុត និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងមហាផ្ទៃ ក្នុងការបំពាក់បំប៉នចំណេះដឹង និងកសាងមូលធនមនុស្សរបស់ខ្លួន ដើម្បីធ្វើជាបង្អែកដ៏រឹងមាំក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ តាមរយៈប្រតិបត្តិការស្រាវជ្រាវ ស៉ើបអង្កេត និង បង្ក្រាបបទល្មើសគ្រឿងញៀន យ៉ាងសកម្មទូទាំងប្រទេស កងកម្លាំងសមត្ថកិច្ចសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយបានបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន៨,៨៧៣ករណី និងឃាត់ខ្លួនជនសង្ស័យ ចំនួន២៤,១៨៣នាក់ ក្នុងនោះមានស្ត្រីចំនួន១,៦២២នាក់។
ជនសង្ស័យទាំងនោះរួមមាន ជនជាតិខ្មែរចំនួន ២២,៩៣៥នាក់ និងជនបរទេសចំនួន១,២៤៨នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួន ៣៧០នាក់ និងជនជាតិឡាវចំនួន ១១នាក់។ ជាមួយនឹងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបចំនួន ៤តោន និង០៦៩គីឡូក្រាម។
ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្ត និងទិសដៅការងារខាងលើ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ និងណែនាំអំពីចំណុចសំខាន់ៗចំនួន ៣ ដែលជាចំណេះដឹងមូលដ្ឋាន និងជាអនុសាសន៍សម្រាប់ការអនុវត្តរួមគ្នា ដូចខាងក្រោម៖
ទី១៖ ពង្រឹងការអប់រំ ផ្សព្វផ្សាយ និងការប្តេជ្ញាចិត្តជៀសវាងពីគ្រឿងញៀន
ទី២៖ ជំរុញការប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrug និងពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋ
ទី៣៖ ពង្រឹងភាពស្អាតស្អំក្នុងជួរមន្ត្រី និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជាលេខ ០១បប៕




















