FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ និងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ជំរុញកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអាមេរិកមកកម្ពុជា

20-11-2026 08:59

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក ហួត គឹមឆា ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាអគ្គកុងស៊ុលកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ព្រមទាំងគណៈប្រតិភូ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ ក្នុងឱកាសកម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិ លើកទី៥៩ ឆ្នាំ២០២៦ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោក ហួត ហាក់ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលបានផ្តួចផ្តើម និងសម្របសម្រួលរៀបចំជំនួប ដោយបានលើកឡើងពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យទេសចរណ៍អាចដើរតួនាទីជាស្ពានដ៏សំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កើតឱកាសធុរកិច្ចថ្មីៗ និងជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ លោក ហួត ហាក់ បានស្នើឱ្យសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលរួមគាំទ្រការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ (Roadshow) សម្រាប់ក្រុមហ៊ុនទេសចរណ៍ វិនិយោគិន អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មានពីរដ្ឋកាលីហ្វ័រញ៉ា ព្រមទាំងជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីរដ្ឋកាលីហ្វ័រញ៉ាមកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។

បន្ថែមពីនេះ ភាគីទាំងពីរក៏មានគោលដៅជំរុញកិច្ចសហការផលិតវីដេអូផ្សព្វផ្សាយទេសចរណ៍ និងការចូលរួមពីអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencer/KOL) ដើម្បីផ្សព្វផ្សាយពីសក្តានុពល និងភាពទាក់ទាញនៃគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអាមេរិក។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានអញ្ជើញលោកប្រធាន និងគណៈប្រតិភូ ចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។

សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មានតួនាទីសំខាន់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈការភ្ជាប់បណ្តាញធុរកិច្ច ការផ្គូផ្គងវិនិយោគិន និងការជំរុញឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដែលរំពឹងថានឹងរួមចំណែកដល់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងពង្រីកទីផ្សារទេសចរណ៍អាមេរិកមកកម្ពុជាឱ្យកាន់តែទូលំទូលាយ៕