សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋខ្វះខាត ២២គ្រួសារ នៅក្រុងសំរោង
19-11-2026 22:10
(ឧត្តរមានជ័យ)៖ ដោយយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាក នៅថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខា រួមជាមួយក្រុមប្រតិបត្តិសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុងសំរោង បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២២គ្រួសារ។
គ្រួសារដែលទទួលបានអំណោយទាំង២២គ្រួសារ ក្នុងនោះមកពីភូមិបុស្បូវ សង្កាត់បុស្បូវ ចំនួន ១១គ្រួសារ និងភូមិសំបួរមាស សង្កាត់បន្សាយរាក់ ចំនួន ១១គ្រួសារ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះមន្ត្រីទទួលបន្ទុក និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក៏បានធ្វើការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងសហគមន៍ អំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ច្បាប់ចរាចរណ៍ ការបង្ការជំងឺមហារីកមាត់ស្បូន ព្រមទាំងការឆបោក និងកេងប្រវ័ញ្ចលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ។
ក្នុងពិធីនោះលោក ឃិន ញ៉ាណ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលងាយរងគ្រោះ និងជួបការលំបាក ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាឡើយ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន អង្ករចំនួន ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី ១យួរ និងឃីត ១កញ្ចប់ ដែលមានសម្ភារប្រើប្រាស់ចាំបាច់ដូចជា សារុង ក្រមា មុង និងភួយ។
សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចែករំលែករបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋនៅតាមសហគមន៍ ព្រមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាព សុខភាព និងការការពារខ្លួនពីហានិភ័យផ្សេងៗក្នុងសង្គម៕










