កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងឆបោកតាមបច្ចេកវិទ្យា ២កន្លែង ឃាត់ខ្លួនជនសង្ស័យ ៧ នាក់
19-11-2026 22:08
(ស្វាយរៀង)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត បានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត និងមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធករណីឆបោកតាមបច្ចេកវិទ្យា (Online Scam) ចំនួន ២ កន្លែង។
ប្រតិបត្តិការនេះបានធ្វើឡើងនៅបុរី អ៊ែល តារា (២) ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧នាក់ (ស្រី ២នាក់) ដែលសុទ្ធសឹងជាជនជាតិវៀតណាម។ ជាមួយគ្នានេះសមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងមួយចំនួនធំ រួមមាន កុំព្យូទ័រយួរដៃ ទូរសព្ទដៃផ្ទាល់ខ្លួន លិខិតឆ្លងដែន ដុំ wifi និងរថយន្តម៉ាក prius មួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង ៧នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកឯទីតាំងដែលត្រូវបានបង្ក្រាប ក្រុមការងារបានសម្រេចបិទជាបណ្ដោះអាសន្ន។
ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា ដែលកំពុងរីករាលដាល ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋ៕





