FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងជាង ២០០០គ្រួសារ ក្នុងស្រុកឯកភ្នំ

19-11-2026 21:44

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៦នេះ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២,៣៥៧គ្រួសារ មកពីឃុំព្រែកនរិន្ទ ឃុំសំរោងក្នុង ឃុំព្រែកខ្ពប និងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការលំបាកផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា ទោះបីជាសម្ដេចមិនបានអញ្ជើញមកផ្ទាល់ប៉ុន្តែសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

លោក សុខ លូ ក៏បានលេីកទឹកចិត្តដល់បងប្អូនប្រជាកសិករឱ្យខិតខំយកចិត្តទុកដាក់ក្នុងការដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារ។

លោកអភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមមូលដ្ឋានរៀងៗខ្លួន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហាមឃាត់ការដុតសំរាមមានផ្សែងបំពុល និងទប់ស្កាត់ការចាក់ឧបករណ៍បំពងសំឡេងឮខ្លាំងរំខានដល់ការរស់នៅប្រចាំថ្ងៃ។

លោក សុខ លូ ក៏បានជំរុញឱ្យប្រជាពលរដ្ឋត្រូវមានស្មារតីជាតិនិយម រួបរួមសាមគ្គីគ្នាជាធ្លុងមួយជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោតត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦នេះមានរយៈពេល៥៥ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជាមួយគ្នានេះ លោក ណែនាំដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោតដើម្បីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតមេដៃ)។

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងបានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ៕