កំពង់ផែស្វយ័តភ្នំពេញ បន្តពង្រីកសមត្ថភាពផែរណបពហុបំណង UM2 ជំហានទី២ នៅខេត្តត្បូងឃ្មុំ ដើម្បីគាំទ្រគម្រោងធំៗរបស់រាជរដ្ឋាភិបាល
19-11-2026 21:40
(ត្បូងឃ្មុំ)៖ ចំណតផែរណបពហុបំណង UM2 របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងនៅខេត្តត្បូងឃ្មុំ បានបន្តអភិវឌ្ឍន៍ជំហានទី២ របស់ខ្លួនយ៉ាងសកម្ម ដើម្បីបង្កើនសមត្ថភាពលើកដាក់ទំនិញធន់ធ្ងន់បានរហូតជាង ២០០តោន។ ការពង្រីកនេះ គឺដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ធំៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមានការដឹកជញ្ជូនកង្ហារយក្សសម្រាប់ផលិតថាមពលអគ្គិសនីស្អាត ប្រវែងជិត ៩០ម៉ែត្រ ទៅកាន់ខេត្តមណ្ឌលគិរី។
លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានមានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារថា ជំហានទី២ នៃការអភិវឌ្ឍន៍នេះ បានចាប់ផ្តើមអស់រយៈពេល ៩ខែកន្លងមកហើយ បន្ទាប់ពីជំហានទី១ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៤។ ជំហានបន្ថែមនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការដឹកជញ្ជូនទំនិញធន់ធ្ងន់ ជាពិសេសគម្រោងនាំចូលកង្ហារយក្សដែលជាការវិនិយោគពីវិនិយោគិនបរទេស។
ចំណតផែរណបពហុបំណង UM2 ស្ថិតក្រោមការគ្រប់គ្រងរបស់កំពង់ផែស្វយ័តភ្នំពេញ នៅតាមដងទន្លេមេគង្គលើ។ វាជាចំណតផែទំនិញចម្រុះដែលអាចតភ្ជាប់តាមផ្លូវជាតិលេខ ៧ ស្ថិតលើផ្ទៃដីប្រមាណ ៧ ហិកតា និងមានសមត្ថភាពផ្ទុកកុងតឺន័រប្រមាណ ៧ម៉ឺន TEUs ក្នុងមួយឆ្នាំ។ ជាមួយនឹងជម្រៅទឹកប្រមាណ ៤,៥ ម៉ែត្រ ក្នុងរដូវប្រាំង នាវាចំណុះ ២ពាន់ទៅ ៣ពាន់តោន អាចចូលចតបានយ៉ាងងាយស្រួល។ តាមរយៈការពង្រីកសមត្ថភាពនេះ UM2 នឹងក្លាយជាសរសរស្តម្ភដ៏សំខាន់ក្នុងការជំរុញវិស័យដឹកជញ្ជូន និងគាំទ្រគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនៅកម្ពុជា។






















