FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់ទៅ ២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!

19-11-2026 20:14

(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានវិលត្រឡប់ទៅកាន់ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាថ្មីម្តងទៀត ដើម្បីនាំយកសម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួន ទៅចែកជូនដល់កុមារតូចៗនៅថ្នាក់មត្តេយ្យ នៃសាលាបឋមសិក្សាគោកស្រុក។ ដំណើរមនុស្សធម៌លើកនេះ មិនមែនគ្រាន់តែជាការចុះសួរសុខទុក្ខធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិលត្រឡប់ទៅរកអនុស្សាវរីយ៍ដ៏មានអត្ថន័យកាលពីជាង ២០ឆ្នាំមុន។

រំលឹកទៅកាន់អតីតកាលកាលពីជាងពីរទសវត្សរ៍មុន ខណៈពេលដែលលោក សៀ ទីន នៅជាសិស្សសិក្សានៅសាលា Manjusri Secondary School នៃប្រទេសសិង្ហបុរី លោកធ្លាប់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា រួមជាមួយគណៈប្រតិភូសាលា និងមិត្តភ័ក្តិរួមជំនាន់ ដើម្បីចូលរួមធ្វើការងារសង្គម និងសកម្មភាពមនុស្សធម៌នៅសាលាបឋមសិក្សាមួយក្នុងស្រុកប្រាសាទបាគងនេះ។

ថ្វីដ្បិតតែពេលវេលាបានកន្លងផុតទៅយូរឆ្នាំ រហូតធ្វើឱ្យលោកមិនអាចចងចាំឈ្មោះសាលា និងទីតាំងជាក់លាក់បានច្បាស់លាស់ក៏ដោយ ក៏ការចងចាំនៃទឹកចិត្តចែករំលែកនាគ្រានោះ នៅតែដក់ជាប់ក្នុងដួងចិត្តរបស់លោកជានិច្ច។

បន្ទាប់ពីបានមកបំពេញភារកិច្ចជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានព្យាយាមស្រាវជ្រាវ និងស្វែងរកទីតាំងសាលាដែលលោកធ្លាប់បានមកចូលរួមការងារសង្គមកាលពីអតីតកាល រហូតបានកំណត់ឃើញសាលាបឋមសិក្សាគោកស្រុកនេះ។

គ្រាដែលបានជាន់ដីទីតាំងសាលារៀនចាស់នេះម្តងទៀត អនុស្សាវរីយ៍ទាំងឡាយក៏បានផុសឡើងវិញភ្លាមៗ ជាពិសេសគឺការនឹករលឹកដល់មិត្តភ័ក្តិរួមជំនាន់សិក្សានៅប្រទេសសិង្ហបុរី ដែលធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជា និងរួមសុខរួមទុក្ខធ្វើការងារមនុស្សធម៌ជាមួយគ្នានាពេលនោះ មុននឹងលោកផ្តួចផ្តើមរៀបចំកម្មវិធីចែកអំណោយដល់កុមារតូចៗក្នុងពេលនេះ។

ការផ្លាស់ប្តូរពីសិស្សម្នាក់ដែលធ្លាប់ចូលរួមការងារសង្គម មកជាថ្នាក់ដឹកនាំមួយរូបដែលនៅតែបន្តគិតគូរដល់វិស័យអប់រំ និងសុខុមាលភាពកុមារ គឺជាសក្ខីភាពបង្ហាញថា ពេលវេលាអាចផ្លាស់ប្តូរតួនាទី និងស្ថានភាពរបស់មនុស្ស ប៉ុន្តែទឹកចិត្តសប្បុរស មិត្តភាព និងស្មារតីមនុស្សធម៌ គឺជាតម្លៃដ៏បរិសុទ្ធដែលស្ថិតស្ថេរជានិច្ច។ សកម្មភាពនេះក៏ជាសារដ៏មានតម្លៃមួយដែលបញ្ជាក់ថា ការធ្វើអំពើល្អ ទោះបីចាប់ផ្តើមពីចំណុចតូចតាចក៏ដោយ ក៏អាចក្លាយជាចំណងនៃក្តីស្រឡាញ់ និងការចងចាំដ៏មានតម្លៃឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំ៕