មេសិទ្ធិមនុស្សកម្ពុជា បន្តលាតត្រដាងទង្វើរំលោភសិទ្ធិមនុស្ស របស់យោធាថៃ មកលើពលរដ្ឋស្លូតត្រង់កម្ពុជា ប្រាប់អង្គការពិភពលោកប្រឆាំងទារុណកម្ម
19-11-2026 20:01
(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Stella Anastasia សហប្រធានការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (អាស៊ីអាគ្នេយ៍) នៃអង្គការពិភពលោកប្រឆាំងទារុណកម្ម (OMCT) ចូល ជួបពិភាក្សាការងារនៅសាលប្រជុំ គ.ស.ម.ក.។
កិច្ចជំនួបនេះរៀបចំឡើងក្នុងគោលបំណងស្វែងរកកិច្ច សហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងស្ថាប័នទាំងពីរ។
ក្រោយពីបានសម្តែងការស្វាគមន៍ចំពោះលោកស្រី Stella Anastasia និងសហការី ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ជាពិសេសការប្រឆាំងនឹងការធ្វើទារុណកម្ម តាមរយៈរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែល ហាមឃាត់ដាច់ខាតនូវការធ្វើទារុណកម្ម និងការបង្ខិតបង្ខំលើរូបរាងកាយ ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ដែលបានកំណត់ការធ្វើទារុណកម្មជាបទល្មើស និងដាក់ចេញនូវទណ្ឌកម្មពាក់ព័ន្ធ ព្រមទាំងការផ្តល់សច្ចាប័ន លើអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្ត ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោក បន្ទាប (CAT)។
ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ពលករទេសន្តរប្រវេសន៍កម្ពុជា ដែលស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ត្រូវបានរងការរំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងរ ដោយការប្រើអំពើហិង្សា ការវាយដំ ការរើសអើង និងការគំរាមកំហែងពីក្រុមជ្រុលនិយមរបស់ថៃ រហូតមិនហ៊ានបង្ហាញអត្តសញ្ញាណខ្លួន ហើយក៏មានការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្រ្តីពលករកម្ពុជា ពីសំណាក់កងទ័ពថៃផងដែរ។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះ យោធាថៃ បានអនុញ្ញាតឱ្យមានការប្រើប្រាស់សំឡេង មានដេស៊ីបែលខ្ពស់ សំឡេងខ្មោច សំឡេងយន្តហោះ នៅពេលយប់ដើម្បីរំខានដល់ផ្លូវចិត្តប្រជាជននៅតាមព្រំដែន ជាពិសេសស្ត្រី កុមារ ជនមានពិការភាព ស្ត្រីមានផ្ទៃពោះ និងអ្នកជម្ងឺដែលជាការធ្វើទារុណកម្ម ផ្នែកផ្លូវចិត្តខុសទៅនឹងអនុសញ្ញា CAT។
មេសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ទង្វើនេះត្រូវបានសមាជិកព្រឹទ្ធសភាថៃ មន្ត្រីជាន់ខ្ពស់ថៃអ្នកនយោបាយថៃ និងទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ទទួលស្គាល់ថាជាការធ្វើទុក្ខបុកម្នេញ ផ្លូវចិត្ត និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញា CAT ផងដែរ។
លោកស្រី Stella Anastasia បានថ្លែងអំណរគុណចំពោះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីចូលជួបពិភាក្សា ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការប្រឆាំងនឹងការធ្វើទារុណកម្ម។
លោកស្រីក៏បានជម្រាបជូនអំពីតួនាទី និងភារកិច្ចរបស់អង្គការ ពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម (OMCT) ព្រមទាំងបង្ហាញពីឆន្ទៈក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសដល់ គ.ស.ម.ក. ផងដែរ។
ជាមួយគ្នានេះ លោកស្រីបានលើកឡើងពីបញ្ហាប្រឈម មួយចំនួនដែលគួរយកចិត្តទុកដាក់រួមមានភាពចង្អៀតណែនក្នុងពន្ធនាគារ ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងបទល្មើសទារុណកម្ម ដើម្បីឱ្យកាន់តែស្របតាមខ្លឹមសារនៃអនុសញ្ញាប្រឆាំងទារុណកម្ម (CAT) ព្រមទាំងនីតិវិធីទទួល ស៊ើបអង្កេត និងដោះស្រាយពាក្យបណ្ដឹងរបស់ គ.ស.ម.ក.។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា បញ្ហាភាពចង្អៀតណែនក្នុងពន្ធនាគារ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដោះស្រាយបញ្ហានេះ តាមរយៈការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងការពង្រីក និងកែលម្អហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងមណ្ឌលស្តារនីតិសម្បទាជាបន្តបន្ទាប់ ព្រមទាំងការបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងថ្ងៃបុណ្យជាតិសំខាន់ៗ។
ទន្ទឹមនឹងនេះ ទេសរដ្ឋមន្តី កែវ រ៉េមី បានសង្កត់ធ្ងន់ថា គ.ស.ម.ក. តែងតែចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងមណ្ឌលឃុំឃាំងជាប្រចាំ ហើយសង្កេតឃើញថាស្ថានភាពសិទ្ធិមនុស្សនៅតាមកន្លែងឃុំឃាំងមានភាពល្អប្រសើរ។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថាបទប្បញ្ញត្តិ និងខ្លឹមសារនៃសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ សិទ្ធិមនុស្សដែលកម្ពុជាបានទទួលស្គាល់ (រួមទាំងអនុសញ្ញា CAT) គឺជាផ្នែកមួយនៃច្បាប់ជាធរមាន ហើយចៅក្រម និងស្ថាប័នមានសមត្ថកិច្ចអាចយកមកអនុវត្តដោយផ្ទាល់នៅកម្ពុជាបាន។
ពាក់ព័ន្ធនឹងការទទួល ការស៊ើបអង្កេត និងការដោះស្រាយពាក្យបណ្ដឹង គ.ស.ម.ក. មានយន្តការទទួលពាក្យបណ្តឹងដោយផ្ទាល់នៅ គ.ស.ម.ក. តាមរយៈកម្មវិធីទូរស័ព្ទ (CHRC APPs) និងតាមរយៈប្រអប់បណ្តឹងនៅក្នុងពន្ធនាគារ ហើយចាត់ក្រុមការងារនិងមេធាវីស្ម័គ្រចិត្តចុះស៊ើបអង្កេត ស្រាវជ្រាវ និងដោះស្រាយបណ្ដឹង ពាក់ព័ន្ធនឹង ការរំលោភសិទ្ធិមនុស្ស។ គ.ស.ម.ក.
ក៏បានផ្ដល់ជាជំនួយផ្នែកច្បាប់តាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់ខ្លួន ដោយបានផ្ដល់កិច្ចអន្តរាគមន៍ទាំងផ្នែកមនុស្សធម៌និងផ្នែកច្បាប់ ដល់ជនងាយរងគ្រោះ ដូចជា ជនក្រីក្រ ស្ត្រី កុមារ ជនមានពិការភាព និងជនជាប់ឃុំដែលគ្មានមេធាវីការពារជាដើម។
កិច្ចជំនួបបានបញ្ចប់ទៅក្នុងបរិយាកាសយោគយល់ និងស្និទ្ធស្នាល ដោយភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស៕


