ក្រសួងបរិស្ថាន ណែនាំពីវិធានការការពារ និងទប់ស្កាត់ផលប៉ះពាល់លើធនធានធម្មជាតិ និងជីវៈចម្រុះដែលបណ្ដាលមកពីបាតុភូតអែលនីញ៉ូ (ElNiño)
19-11-2026 19:53
(ភ្នំពេញ)៖ បាតុភូតអែលនីញ៉ូ (ElNiño) អាចបង្កើនហានិភ័យនៃកម្ដៅភាពរាំងស្ងួតកង្វះទឹក និងភ្លើងឆេះពដែលប៉ះពាល់ដល់ធនធានធម្មជាតិជីវៈចម្រុះ និងជីវភាពប្រជាពលរដ្ឋ។ ការត្រៀមបង្ការទាន់ពេល និងការឆ្លើយតបដោយផ្អែកលើព័ត៌មានរបស់ស្ថាប័នជំនាញជាមូលដ្ឋានសម្រាប់កាត់បន្ថយការខូចខាត និងរក្សាភាពធន់របស់ប្រព័ន្ធអេកូឡូស៊ី។
មនុស្សជាផ្នែកមួយនៃធម្មជាតិហើយសុខុមាលភាពមនុស្សពឹងផ្អែកលើតុល្យភាពរបស់ធម្មជាតិ។ ការប្រើប្រាស់ធនធានថ្ងៃនេះត្រូវគោរពសមត្ថភាពស្តារឡើងវិញរបស់ធម្មជាតិ និងសិទ្ធិរបស់មនុស្សជំនាន់ក្រោយក្នុងការរស់នៅប្រកបដោយសុខុមាលភាព។ ដូច្នេះការការពារធនធានធម្មជាតិ គឺជាកាតព្វកិច្ចរួមក្នុងការថែរក្សាមូលដ្ឋាននៃជីវិត។
ក្នុងស្មារតីនេះក្រសួងបរិស្ថាន សូមណែនាំដល់អង្គភាពក្រោមឱវាទនិងមន្ទីរបរិស្ថានរាជធានី ខេត្ត ព្រមទាំងស្នើសុំកិច្ចសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិសហគមន៍ ដៃគូអភិវឌ្ឍន៍វិស័យឯកជននិងប្រជាពលរដ្ឋដើម្បីអនុវត្តវិធានការដូចខាងក្រោម៖
ទី១ ពង្រឹងការយល់ដឹង និងព័ត៌មានហានិភ័យ
ផ្សព្វផ្សាយព័ត៌មានពីស្ថាប័នជំនាញឱ្យបានច្បាស់លាស់ងាយយល់ និងទាន់ពេលដោយភ្ជាប់នឹងការសន្សំសំចៃទឹកការបង្ការភ្លើងឆេះព្រៃ និងការការពារសត្វព្រៃ។ ផ្សារភ្ជាប់ចំណេះដឹងមូលដ្ឋានជាមួយចំណេះដឹងបច្ចេកទេស ដើម្បីឱ្យសហគមន៍អាចស្គាល់ហានិភ័យ និងចូលរួមដោះស្រាយបានសមស្រប។
ទី២ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងការពារប្រភពទឹក
ការពារបឹងស្ទឹងព្រែកទន្លេ និងតំបន់ដីសើម ពីការបំពុលការចាក់បំពេញការបង្ហូរទឹកចេញ និងការប្រើប្រាស់ហួសកម្រិត។
តាមដានបរិមាណ និងគុណភាពទឹកដោយគិតគូរទាំងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងការរក្សាទឹកសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងសត្វព្រៃជាពិសេសនៅរដូវប្រាំង។
ទី៣ កំណត់តំបន់ងាយរងគ្រោះ និងត្រៀមអន្តរាគមន៍
កំណត់តំបន់ប្រឈមនឹងកង្វះទឹកភ្លើងឆេះព្រៃនិងការខូចខាតជម្រករួចរៀបចំផែនការឆ្លើយតបដោយបញ្ជាក់អាទិភាពអ្នកទទួលខុសត្រូវឧបករណ៍ធនធាន និងមធ្យោបាយទំនាក់ទំនង។
ពង្រឹងការល្បាត និងការជូនដំណឹងមុនព្រមទាំងទប់ស្កាត់ការដុតដែលបង្កហានិភ័យដោយអនុវត្តវិធានការបង្ការភ្លើងតាមការណែនាំបច្ចេកទេស។
ទី៤ ការពារសត្វព្រៃ និងជម្រកសំខាន់ៗ
តាមដានសត្វព្រៃជាពិសេសប្រភេទងាយរងគ្រោះ និងការពារប្រភពទឹកព្រៃកោងកាងស្មៅសមុទផ្កាថ្ម និងជម្រកសំខាន់ៗ។
យកចិត្តទុកដាក់ចំពោះការប្រែប្រួលសីតុណ្ហភាពទឹកសមុទ្រ និងផ្កាថ្មប្រែពណ៌ព្រមទាំងកាត់បន្ថយការបំពុល និងការបំផ្លាញជម្រក។ ការសង្គ្រោះ ឬផ្លាស់ទីសត្វព្រៃត្រូវស្ថិតក្រោមការណែនាំរបស់អ្នកជំនាញ និងធានាសុវត្ថិភាពសត្វនិងប្រជាពលរដ្ឋ។
ទី៥ រាយការណ៍ និងសម្របសម្រួលឆ្លើយតបទាន់ពេល
កំណត់មន្ត្រីទទួលបន្ទុក និងបណ្តាញទំនាក់ទំនងដើម្បីទទួលផ្ទៀងផ្ទាត់ និងបញ្ជូនព័ត៌មានបន្ទាន់។ នៅពេលមានភ្លើងឆេះព្រៃកង្វះទឹកធ្ងន់ធ្ងរការស្លាប់សត្វខុសប្រក្រតី ឬហេតុការណ៍បរិស្ថានផ្សេងទៀតត្រូវរាយការណ៍ជូនអាជ្ញាធរ និងអង្គភាពជំនាញភ្លាមៗដោយបញ្ជាក់ទីតាំងពេលវេលាទំហំផលប៉ះពាល់ និងតម្រូវការអន្តរាគមន៍។
ទី៦ វាយតម្លៃនិងស្តារប្រព័ន្ធអេកូឡូស៊ី
វាយតម្លៃមូលហេតុនិងទំហំការខូចខាតដើម្បីស្តារទីជម្រកប្រភពទឹក និងមុខងារប្រព័ន្ធអេកូឡូស៊ីឱ្យសមស្របនឹងលក្ខខណ្ឌធម្មជាតិ។
ការស្តារត្រូវមានការតាមដានលទ្ធផល និងកាត់បន្ថយកត្តាបង្កការខូចខាតឡើងវិញ ដើម្បីឱ្យធម្មជាតិអាចបន្តទ្រទ្រង់ជីវិតនិងជីវភាពសហគមន៍បានយូរអង្វែង។
ទី៧- ធានាការចូលរួម និងការទទួលខុសត្រូវរួម
ពង្រឹងកិច្ចសហការរវាងអង្គភាពជំនាញសហគមន៍អង្គការសង្គមស៊ីវិលយុវជន និងវិស័យឯកជនដោយកំណត់តួនាទីឱ្យច្បាស់លាស់។
រាយការណ៍លទ្ធផល និងបញ្ហាប្រឈមដើម្បីកែលម្អការអនុវត្តជាបន្តបន្ទាប់ព្រមទាំងយកចិត្តទុកដាក់ចំពោះសហគមន៍ងាយរងគ្រោះ និងអ្នកដែលពឹងផ្អែកលើធនធានធម្មជាតិ។
ក្រសួងបរិស្ថាន សូមឱ្យអង្គភាពក្រោមឱវាទ និងមន្ទីរបរិស្ថានរាជធានីខេត្ត យកចិត្តទុកដាក់អនុវត្តសេចក្ដីណែនាំនេះតាមសមត្ថកិច្ច និងស្នើសុំកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធដើម្បីឱ្យវិធានការបង្ការការពារ និងកាត់បន្ថយផលប៉ះពាល់សម្រេចបានលទ្ធផលជាក់ស្តែង។
ត្រូវតាមដានវាយតម្លៃ និងរាយការណ៍លទ្ធផលព្រមទាំងបញ្ហាប្រឈមដើម្បីកែសម្រួលការអនុវត្តឱ្យសមស្របនឹងស្ថានភាពជាក់ស្តែង។ ការត្រៀមខ្លួនបានល្អ និងការចូលរួមប្រកបដោយការទទួលខុសត្រូវពីគ្រប់ភាគីជាមូលដ្ឋានសម្រាប់កាត់បន្ថយការខូចខាត និងពង្រឹងភាពធន់របស់ធម្មជាតិ និងសហគមន៍។
ការរួមគ្នាថែរក្សាធនធានធម្មជាតិនាពេលបច្ចុប្បន្ន គឺជាការរក្សាមូលដ្ឋាននៃការរស់នៅ និងឱកាសអភិវឌ្ឍន៍សម្រាប់មនុស្សជំនាន់ក្រោយ៕


