FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជសារជូនពរក្នុងឱកាសពិធីចម្រើនជន្មាយុ

19-11-2026 20:17

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ចំពោះព្រះរាជសារលិខិតជូនពរចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រកបដោយព្រះរាជហឫទ័យប្រោសប្រណី និងប្រទានព្រះសព្ទសាធុការពរជ័យ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេច កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមរយៈសារលិខិតដែលធ្វើនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយយ៉ាងក្រៃលែង និងបានគូសបញ្ជាក់ថា ព្រះរាជសារលិខិតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ពិតជាបានប្រទាននូវពរជ័យ កម្លាំងចិត្ត និងជាកិត្តិយសដ៏ធំធេងដល់សម្តេច ឱ្យបន្តប្រឹងប្រែងក្នុងបេសកកម្មដឹកនាំស្ថាប័នរដ្ឋសភា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍជាតិមាតុភូមិ ក្រោមម្លប់បារមីដ៏ត្រជាក់ត្រជំនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានរំលេចផងដែរថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែយកព្រះរាជហឫទ័យទុកដាក់ និងព្រួយបារម្ភជានិច្ចពីសុខទុក្ខ និងជីវភាពប្រជានុរាស្ត្ររបស់ព្រះអង្គពុំដែលមានអាក់ខានឡើយ។ ជាពិសេស សម្តេចម៉ែ «ហ្លួងម៉ែ» ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យដោយមិនខ្លាចនឿយណាយព្រះកាយពល ក្នុងការគង់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចូលរួមព្រះរាជបេសកកម្មយ៉ាងសំខាន់បំផុតក្នុងការតម្កល់ផលប្រយោជន៍ជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជានុរាស្ត្រឱ្យមានជីវភាពរស់នៅក្នុងភាពសម្បូរសប្បាយ និងសុខដុមរមនា។

ជាទីបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា និងបុណ្យបារមីនៃដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមី «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងប្រទានសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕