FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ឈាង រ៉ា ស្នើ UNOPS ជួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងទិន្នន័យសុខាភិបាលជាតិ

19-11-2026 17:57

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើសុំឱ្យអង្គការ UNOPS ពិនិត្យលទ្ធភាពជួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (Electronic Medical Record - EMR) តាមរយៈការជួយធ្វើសមាហរណកម្មប្រព័ន្ធសុខាភិបាលទាំងអស់ ឱ្យរួមបញ្ចូលគ្នាតែមួយ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងទិន្នន័យសុខាភិបាលជាតិ។

ការស្នើយ៉ាហដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Nicholas George នាយកការិយាល័យពហុប្រទេសប្រចាំតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (EAPMCO) នៃអង្គការ UNOPS ព្រមទាំងទទួលការជម្រាបលារបស់ លោកស្រី Eda Kraja នាយិកាប្រចាំប្រទេសកម្ពុជា និងឡាវ ដែលបានបញ្ចប់អាណត្តិបេសកកម្មដោយជោគជ័យ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

នាឳកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ លោកស្រី Eda Kraja ក្នុងការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកន្លងមករវាងក្រសួង និងអង្គការ UNOPS លើការងារលទ្ធកម្មវេជ្ជសាស្ត្រ សម្រាប់មជ្ឈមណ្ឌលជាតិ NCHADS, CENAT និង CDC និងការកាត់បន្ថយជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៥ ដោយគ្មានអ្នកស្លាប់ ក៏ដូចជាការចូលរួមចំណែកក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការដំឡើងរោងចក្រអុកស៊ីសែនចំនួន ១១ និងការកែលម្អបន្ទប់សង្គ្រោះបន្ទាន់ ព្រមទាំងកិច្ចសម្របសម្រួលរបស់ UNOPS ជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើការសិក្សាលទ្ធភាពបឋមសម្រាប់គម្រោងពង្រីកមជ្ឈមណ្ឌលជំងឺមហារីក នៃមន្ទីរពេទ្យហ្លួងម៉ែ។

ជាទីបញ្ចប់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរ លោកស្រី Eda Kraja ទទួលបានជោគជ័យក្នុងភារកិច្ចថ្មី និងបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូរវាងក្រសួងសុខាភិបាល និងអង្គការ UNOPS នឹងកាន់តែស៊ីជម្រៅថែមទៀត ដើម្បីបុព្វហេតុសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា៕