FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តពោធិ៍សាត់ ជំរុញពង្រឹងគណនេយ្យភាពសង្គម និងគ្រោងថវិកាគាំទ្របណ្តាញ CAF សម្រាប់ឆ្នាំ២០២៧ ខណៈបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ

19-11-2026 17:46

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត, លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានអញ្ជើញបិទ «សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍» ដោយមានការចូលរួមពី ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត-ស្រុក មន្ត្រីបង្គោល មេឃុំ-ស្មៀនឃុំ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការទស្សនៈពិភពលោកអន្តរជាតិ និងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោក លឹម សុខតូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ-អង្គភាពជំនាញ អង្គការទស្សនៈពិភពលោកអន្តរជាតិ អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា គណនេយ្យភាពសង្គមគឺជាសរសៃគោលនៃលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ដែលតម្រូវឱ្យតួអង្គរដ្ឋធានាការទទួលខុសត្រូវលើការអនុវត្តនីតិវិធី បទប្បញ្ញត្តិ និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព សុចរិតភាព គណនេយ្យភាព និងសមធម៌។ តាមរយៈកិច្ចប្រជុំ អ្នកផ្តល់សេវាខ្លួនឯង និងដោយពលរដ្ឋ លើសេវាទាំងបីវិស័យ (រដ្ឋបាលឃុំ-សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា) គឺជាកញ្ចក់ឆ្លុះបញ្ចាំងដ៏សំខាន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការគាំពារពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។

ដើម្បីជំរុញការអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព លោក លឹម សុខតូ បានផ្តាំផ្ញើដល់រតនាគារខេត្ត ត្រូវណែនាំនីតិវិធីប្រើប្រាស់ថវិកាវិភាជន៍ស្ទង់ចំណាយរបស់ឃុំ-សង្កាត់ សម្រាប់គាំទ្រគណនេយ្យភាពសង្គម និងសេវាសង្គម (អនាម័យជនបទ មតេយ្យសហគមន៍ បរិស្ថាន។ល។)។ ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ត្រូវសហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ពង្រឹងសមត្ថភាពមន្ត្រីបង្គោល និងគណៈកម្មាធិការផែនការសកម្មភាពរួម (ផ.ស.រ.គ) ព្រមទាំងពិនិត្យលទ្ធភាពគ្រោងថវិកាគាំទ្របណ្តាញ CAF ថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៧ មុនអង្គការដៃគូបញ្ចប់ការគាំទ្រ និងរក្សារបបប្រជុំទៀងទាត់។

ជាមួយគ្នានោះ ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង-ស្រុក ត្រូវសិក្សាស្វែងយល់ឱ្យច្បាស់អំពីដំណើរការគណនេយ្យភាពសង្គម ដើម្បីត្រៀមពង្រីកវិសាលភាពដល់សេវាថ្នាក់ស្រុកនាពេលអនាគត ដោយសហការគាំទ្របណ្តាញអ្នកសម្របសម្រួល ពិនិត្យលទ្ធភាពគ្រោងថវិកាគាំទ្របណ្តាញ CAF ថ្នាក់ស្រុក សម្រាប់ឆ្នាំ២០២៧ និងរក្សាការប្រជុំតាមដានវឌ្ឍនភាពជាប្រចាំ។

ចំពោះឃុំ-សង្កាត់ ត្រូវកំណត់ជនបង្គោលច្បាស់លាស់ ពិនិត្យលទ្ធភាពគ្រោងថវិកាក្នុងកម្មវិធីវិនិយោគប្រចាំឆ្នាំ (យ៉ាងតិច ៤លានរៀល ឬច្រើនជាងនេះតាមលទ្ធភាព) ដើម្បីគាំទ្រសកម្មភាពគណនេយ្យភាពសង្គម មន្ត្រីត្រូវផ្តល់សេវាដោយវិជ្ជាជីវៈ យកចិត្តទុកដាក់ និងរួសរាយរាក់ទាក់ បិទផ្សាយក្តារបញ្ជរព័ត៌មានឱ្យពលរដ្ឋងាយមើល និងបន្សីផែនការសកម្មភាពរួម (ផ.ស.រ.គ) ទៅក្នុងកម្មវិធីវិនិយោគឃុំ-សង្កាត់ (CIP)។

អង្គការដៃគូ ត្រូវបន្តគាំទ្រទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ តាមផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ និងបន្តបន្ទាប់ ព្រមទាំងបន្ថែមវគ្គបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍។

អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព និងកិច្ចសហការជាមួយមន្ត្រីបង្គោលគ្រប់លំដាប់ថ្នាក់ ខណៈបណ្តាញថ្នាក់ខេត្ត និងក្រុង-ស្រុក ត្រូវគ្រប់គ្រងប្រមូលទិន្នន័យ និងធ្វើរបាយការណ៍វឌ្ឍនភាពជូនក្រុមការងារគណនេយ្យភាពសង្គមជារៀងរាល់ត្រីមាស ឆមាស និងប្រចាំឆ្នាំ៕