លោកបណ្ឌិត យង់ ពៅ ជំរុញឱ្យមានការអភិវឌ្ឍភាសាខ្មែរឱ្យស្របតាមការរីកចម្រើននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត
19-11-2026 17:34
(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឱ្យគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋចូលរួមថែរក្សា ប្រើប្រាស់ និងអភិវឌ្ឍភាសាខ្មែរឱ្យកាន់តែសម្បូរបែប និងទំនើប ដោយបង្កើតពាក្យបច្ចេកទេសដែលអាចប្រើប្រាស់បានក្នុងគ្រប់វិស័យ ដើម្បីលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត។
ការជរុញបែបនេះរបស់ លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាស្តីពី «ការបន្ថែមសូរអាននៃមេពាក្យ ជាសញ្ញាសូរអន្តរជាតិ ក្នុងវចនានុក្រមខ្មែរឆ្នាំ២០២២» និងការផ្សព្វផ្សាយសទ្ទានុក្រមគណិតវិទ្យា សទ្ទានុក្រមប្រវត្តិវិទ្យា និងព្រឹត្តិបត្រលេខ១៥ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរឆ្នាំ២០២៦ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា ការអភិវឌ្ឍភាសាខ្មែរ ដើម្បីឱ្យមានពាក្យបច្ចេកទេសអាចប្រើប្រាស់ បានក្នុងគ្រប់វិស័យនឹងជួយលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាពិសេស ក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ភាសាខ្មែរត្រូវតែមានវត្តមានក្នុងប្រព័ន្ធ បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនឱកាសទទួលបាននូវចំណេះដឹង និងការប្រកួតប្រជែងលើ ឆាកអន្តរជាតិ។ ដូច្នេះ ការលើកកម្ពស់ភាសាជាតិមិនមែនជាការបដិសេធភាសាបរទេសទេ ប៉ុន្តែជាការពង្រឹងភាសាខ្មែរផង និងបើកទូលាយចំណេះដឹងសកលផង។
ជាមួយគ្នានេះ លោកបណ្ឌិតបានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគី ដោយផ្តោតលើចំណុចសំខាន់ៗចំនួន៥ រួមមាន៖ ទី១៖ គ្រប់ស្ថាប័ននិងប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា ប្រើប្រាស់ និងអភិវឌ្ឍ ភាសាខ្មែរឱ្យកាន់តែសម្បូរបែបនិងទំនើប ស្របតាមតម្រូវការនៃសម័យកាល, ទី២៖ រាជរដ្ឋាភិបាលចាំបាច់គួរកំណត់ស្តង់ដាបណ្តុះបណ្តាលភាសាខ្មែរ ដូចដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំ, ទី៣៖ ជំរុញឱ្យមានការប្រកួតប្រជែងនវានុវត្តន៍ភាសាខ្មែរ ឧទាហរណ៍ សំណេរ ការតែងនិពន្ធ គំរូអក្សរផ្ចង់គ្រប់សម័យកាល ទម្រង់អក្សរខ្មែរក្នុងឌីជីថល, ទី៤៖ ចៀសវាងភាន់ច្រឡំថា បញ្ហាភាសាជាបញ្ហារបស់ក្រុមមនុស្សណាមួយឬរបស់រាជបណ្ឌិត្យសភាកម្ពុជាជាដើម និងទី៥៖ យើងត្រូវហ៊ានវិនិយោគលើគម្រោងធ្វើមូលទិន្នន័យភាសាខ្មែរ។
ក្រៅពីនេះ លោកក៏បានលើកឡើងពីភាពចាំបាច់ក្នុងការជៀសវាងការយល់ច្រឡំថា បញ្ហាភាសាខ្មែរជាការទទួលខុសត្រូវរបស់ក្រុមមនុស្សណាមួយ ឬរបស់រាជបណ្ឌិត្យសភាកម្ពុជាតែមួយ ព្រមទាំងជំរុញឱ្យមានការវិនិយោគលើគម្រោងបង្កើតមូលដ្ឋានទិន្នន័យភាសាខ្មែរ។ លោកបណ្ឌិតក៏បានវាយតម្លៃថា សមិទ្ធផលទាំងនេះមានសារៈសំខាន់ក្នុងការរួមចំណែកថែរក្សា អត្តសញ្ញាណភាសាខ្មែរ និងជាឧបករណ៍ដ៏មានតម្លៃសម្រាប់ជាតិ។ ជាពិសេស ការងារទាំងនេះបានចូលរួមជំរុញការធ្វើឌីជីថលូបនីយកម្មភាសាខ្មែរ ឱ្យស្របតាមការវិវត្តនៃសង្គមក្នុងសម័យឌីជីថល។
លើសពីនេះ អគ្គលេខាធិការរូបនេះ បានបន្ថែមថា ការអភិរក្ស និងអភិវឌ្ឍភាសាខ្មែរឱ្យមានភាពរីកចម្រើន គឺជាការងារដែលត្រូវការការចូលរួមពីគ្រប់ភាគី និងត្រូវអនុវត្តឱ្យស្របតាមគោលនយោបាយជាតិស្តីពីភាសាខ្មែរ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាថាភាសាខ្មែរអាចបន្តអភិវឌ្ឍ និងមានតួនាទីកាន់តែសំខាន់ក្នុងសង្គមជាតិ និងសកលលោកនាពេលអនាគត។
សូមជម្រាបដែរថា សិក្ខាសាលានេះ មានគោលបំណងបង្ហាញពីសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរក្នុងឆ្នាំ២០២៦ ដែលរួមមាន សមិទ្ធផលនៃគម្រោង «ការបន្ថែមសូរអាននៃមេពាក្យជាសញ្ញាសូរអន្តរជាតិក្នុងវចនានុក្រមខ្មែរឆ្នាំ២០២២» ការផ្សព្វផ្សាយសទ្ទានុក្រមគណិតវិទ្យា សទ្ទានុក្រមប្រវត្តិវិទ្យា និងព្រឹត្តិបត្រលេខ១៥ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ៕








