ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន និងឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប្រកាសលទ្ធផល ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត
19-11-2026 17:18
(កំពង់ចាម)៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ជួន ណារ៉ុន និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសលទ្ធផលការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី ១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងថ្នាក់ដឹកនាំអមដំណើរជាច្រើននាក់ទៀត។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បេក្ខជនប្រលងជ្រើសរើសសិស្សឆ្នើម ប្រចាំស្រុកព្រៃឈរ មានចំនួន ១៦៥នាក់ (ស្រី១០៨នាក់) មកពីវិទ្យាល័យចំនួន៥ ក្នុងស្រុកព្រៃឈរ។ រីឯមុខវិជ្ជាក្នុងការប្រឡងមាន ៤ មុខវិជ្ជា គឺ៖ គណិតវិទ្យា, រូបវិទ្យា, អក្សរសាស្រ្ត និង ប្រវត្តិវិទ្យា។ក្នុងនោះ សិស្សឆ្នើមដែលបានទទួលជ័យលាភី មានចំនួន ៣០នាក់ ស្រីចំនួន ១៦នាក់ ។ ចំពោះពានរង្វាន់ មានម៉ូតូ. កុំព្យូទ័រយួរដៃ. ថវិកា. និងសៀវភៅសិក្សាផងដែរ។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានអបអរសាទរ និងកោតសរសើរ ដល់សិស្សទាំងអស់ ដែលប្រលងជាប់ទទួលបានជ័យលាភី សម្ដេចអធិបតីហ៊ុន ម៉ាណែត ក្នុងឆ្នាំ ២០២៦ នេះ ។
លោក កើត រិទ្ធ បានបន្តថា ជ័យលាភី ដែលក្មួយៗ ទទួលបាននៅថ្ងៃនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺវាជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរៀនសូត្រ ការតស៊ូ ភាពអំណត់ព្យាយាម និងការមានវិន័យចំពោះខ្លួនឯង ។ ដូច្នេះរង្វាន់ដែលក្មួយៗទទួលបាននាថ្ងៃនេះ គឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ក្មួយៗ នាពេលកន្លងមក។
លោក កើត រិទ្ធ បានយកឱកាសនោះផ្ដាំផ្ញើចំពោះក្មួយៗ ទាំងអស់ថា ការទទួលបានជ័យលាភី គឺជាជោគជ័យមួយ ប៉ុន្តែការរក្សាបាននូវស្មារតី នៃការខិតខំប្រឹងប្រែង ទើបជាមូលដ្ឋាននៃជោគជ័យជាបន្តបន្ទាប់នៅក្នុងជីវិតរបស់ខ្លួន ។
ឧបនាយករដ្ឋមន្ត្រី លោក ហង់ជួន ណារ៉ុន បានយកឱកាសនោះ វាយតម្លៃខ្ពស់ជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដែលបានផ្ដួចផ្ដើមគំនិតក្នុងការរៀបចំ ការប្រឡងសិស្សឆ្នើមនេះ ក៏ដូចជាការកៀរគរស្វែងរកធនធានដើម្បី កែលម្អរ និងការសាងសង់អគារសិក្សាជាដើម និងសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួម ពីព្រោះការអប់រំនេះទាមទារឲ្យមានការចូលរួម គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបឈានទៅទទួលបានជោគជ័យ៕













