FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់មន្ត្រី ត្រូវបន្តខិតខំបំពេញការងារឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់ ព្រោះវិនាទីលើការងារ សុទ្ធតែពាក់ព័ន្ធនឹងអាយុជីវិត និងសុខភាពពលរដ្ឋ

19-11-2026 17:06

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា រាល់ពេលវេលាដែលយើងចំណាយលើការងារសុខាភិបាល គឺសុទ្ធតែពាក់ព័ន្ធនឹងអាយុជីវិត សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវបន្តខិតខំបំពេញការងារ ឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសបានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ សម្រាប់ខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅជំរុញការអនុវត្តការងារសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នាថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើការពង្រឹង មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដើម្បីបង្កើនលទ្ធភាពបម្រើសេវា ឱ្យបាន ទាន់ពេលវេលា និងឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត ក្នុងការលើកកម្ពស់ សុខុមាលភាពមាតា និងទារក ដោយផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវវាយតម្លៃប្រសិទ្ធភាព។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ក្នុងការបំពេញភារកិច្ចកន្លងមក ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូល Francophonie។ ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការពង្រឹងសេវាថែទាំសុខភាពបឋម ដោយធ្វើសមាហរណកម្ម ជាមួយសេវាសុខាភិបាលផ្សេងៗ ដូចជាសេវាសុខភាពភ្នែក។

ជាកិច្ចបញ្ចប់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានក្រើនរំលឹកឱ្យបន្តពង្រឹងការតាមដាន និងឆ្លើយតបជំងឺឆ្លង ព្រមទាំងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការបម្រើសេវាសុខាភិបាល និងការឆ្លើយតបសង្គ្រោះបន្ទាន់ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក និងបន្តជំរុញសម្ព័ន្ធភាព ការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងគុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ បន្តពង្រឹងសាមគ្គីភាព ស្មារតីសហការ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច ដោយយកចិត្តទុកដាក់ខ្ពស់ លើការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕