រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាននឹងមិនអនុញ្ញាតឱ្យជនទុច្ចរិត ប្រើអាជ្ញាបណ្ណសារព័ត៌មានដើរបង្កចលាចលសង្គមឡើយ
19-11-2026 17:03
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ក្រសួងនឹងមិនអនុញ្ញាតឱ្យជនទុច្ចរិតមួយចំនួនកាន់អាជ្ញាបណ្ណព័ត៌មានយកទៅបង្កបញ្ហា និងបង្កើតចលាចលសង្គមនោះឡើយ។
ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល» នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ពីការខិតខំទប់ស្កាត់ បង្ក្រាប និងលុបបំបាត់រាល់សកម្មភាពប្រើប្រាស់ព័ត៌មានដើម្បីកំហែងទារប្រាក់ពីអ្នកដទៃ។ ជាក់ស្តែងថ្មីៗនេះ ក្រសួងបានសហការជាមួយកម្លាំងសមត្ថកិច្ច ចាត់វិធានការលើបុគ្គលដែលក្លែងបន្លំជាអ្នកសារព័ត៌មាន ហើយអុកឡុកបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ខ្ញុំស្នើសុំដល់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នាយកដ្ឋានច្បាប់ មណ្ឌលព័ត៌មាន គឺត្រូវធ្វើកិច្ចការងារឱ្យសកម្មមែនទែន កុំបិទភ្នែក ហើយកុំបិទត្រចៀក ពីព្រោះយើងមិនអនុញ្ញាតឱ្យនៅស្ងៀមទៀតទេ។ ដែលសង្គមរបស់យើងបង្កឱ្យមានភាពអនាធិបតេយ្យដោយសារអ្នកសារព័ត៌មាន Online មួយចំនួនមិនគោរពក្រមសីលធម៌ វិជ្ជាជីវៈ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា សុំឱ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ជាអាណាព្យាបាលលើវិស័យព័ត៌មាន ត្រូវពង្រឹងឱ្យម៉ឹងម៉ាត់លើការងារអនុវត្តតួនាទី ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា៖ «យើងមិនអាចអនុញ្ញាតឱ្យជនទុច្ចរិតមួយចំនួនកាន់នូវអាជ្ញាបណ្ណរបស់ក្រសួងយកទៅបង្កបញ្ហា និងបង្កើតនូវចលាចលសង្គមនោះទេ ខ្ញុំសូមជម្រាបជូនឱ្យហើយ បើសិនជាលេចធ្លាយ យើងនឹងចាត់វិធានការច្បាប់ និងវិធានការជាមួយសមត្ថកិច្ច ហើយករណី សួន ចំរើន មួយយើងបានដកអាជ្ញាបណ្ណតាំងពីខែធ្នូ ហើយបានដើរធ្វើអាណាធិបតេយ្យ តែត្រូវបានចាប់អនុវត្តច្បាប់រួចទៅហើយ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន ចាំបាច់ត្រូវតែពង្រឹងវិធានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះ នៅពេលដែលមានការផលិតព័ត៌មានក្លែងក្លាយច្រើន ធ្វើឱ្យប្រជាពលរដ្ឋហាក់ដូចជាពុលនឹងអ្វីដែលជាការផ្សព្វផ្សាយជារួម ហើយធ្វើឱ្យប្រជាពលរដ្ឋបាត់បង់នូវជំនឿទុកចិត្តទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ត្រង់ចំណុចនេះ អ្វីដែលជាការចោទសួរនៅជុំវិញប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺសំណួរថា តើអ្វីជាព័ត៌មានពិត ឬក៏ក្លែងក្លាយ? ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់មួយផ្នែកនៃជំនឿទុកចិត្តនៃការផ្សព្វផ្សាយព័ត៌មាន៕
























