អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង និងប្រើប្រាស់សារធាតុញៀន
19-11-2026 16:53
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ សៀ សុវណ្ណី ពាក់ព័ន្ធករណីចោរលួចកាត់ខ្សែភ្លើង និងសម្ភារៈមួយចំនួន នៅចំណុចអគារមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្រោយទទួលបានបណ្ដឹង កម្លាំងជំនាញបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុង សុខលាក់ ភេទប្រុស អាយុ៣៨ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងនៃបទល្មើស។
តាមការសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាត់ខ្សែភ្លើង និងសម្ភារៈរបស់ជនរងគ្រោះពិតប្រាកដមែន ហើយថវិកាដែលបានពីការលួច ខ្លួនក៏បានយកទៅទិញគ្រឿងញៀនមកប្រើប្រាស់ជាប្រចាំផងដែរ។ ជាមួយគ្នានេះ ក្រោយធ្វើតេស្តទឹកនោម គឺរកឃើញមានសារធាតុញៀន។
ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយ។ ករណីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កងកម្លាំងក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕

