រដ្ឋបាលខេត្តកែប បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ
19-11-2026 16:42
(កែប)៖ រដ្ឋបាលខេត្តកែប បានបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់ឆ្នាំទី៣ អាណត្តិទី៤ ដោយប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក អ៊ុក ថា ប្រធានក្រុមប្រក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ដោយចូលរួមពីសមាជិក សមាជិកា និងប្រជាពលរដ្ឋ ប្រមាណជិត.៣០០នាក់ នៅក្នុងបរិវេណវត្តព្រៃតាកុយ នៃស្រុកដំណាក់ចង្អើរ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
នាឱកាសនោះ លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់អំពីគោលបំណងនៃការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដ៏មានសារៈសំខាន់នេះ គឺដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ច របស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់បន្ថែមថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ធ្វើឡើងស្របតាមមាត្រា៩ នៃអនុក្រឹត្យលេខ២១៦ អនក្រ.បក ទៅតាមក្រុង ស្រុក ក្នុងខេត្តរបស់ខ្លួន ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ដើម្បីក្តាប់បាននូវបញ្ហាប្រឈម ទុក្ខលំបាក និងធ្វើការដោះស្រាយ អោយបានទាន់ពេលវេលា។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងបន្ថែម អំពីការខិតខំយកចិត្តទុកដាក់កសាង អភិវឌ្ឍសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលក្នុងការបំរើប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំដៅលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ។
ក្នុងកិច្ចដំណើរការនៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ទាំងមូល អង្គពិធីបានទទួលស្តាប់ និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ជាលទ្ធផល វេទិការបានទទួលសំណូមពរចំនួន៥ និង ដោះស្រាយបានចំនួន៥៕



























