លោកបណ្ឌិត មាស សុភា នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ជូនវីរកងទ័ពជួរមុខ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ឈរជើងការពារព្រំដែននៅខេត្តព្រះវិហារ
19-11-2026 16:37
(ព្រះវិហារ)៖ លោកបណ្ឌិត មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វីរកងទ័ពជួរមុខ នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារព្រំដែននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពិធីនេះមានការអញ្ជើញអមដំណើរដោយលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប។
ក្នុងឱកាសសំណេះសំណាលនេះលោកបណ្ឌិត មាស សុភា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះវីរកងទ័ពទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន។
ជាមួយគ្នានេះ លោកបណ្ឌិត មាស សុភា បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងប្រឈមនឹងការលំបាកគ្រប់បែបយ៉ាង ដើម្បីបំពេញតួនាទី និងភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិ រក្សាសន្តិសុខ សុវត្ថិភាព និងបូរណភាពទឹកដី។ ការលះបង់ និងស្មារតីស្នេហាជាតិរបស់កងទ័ព គឺជាគុណបំណាច់ដ៏ធំធេងដែលប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែចងចាំ និងផ្តល់តម្លៃខ្ពស់។
លោកបណ្ឌិត មាស សុភា បានថ្លែងលើកទឹកចិត្តកងទ័ពទាំងអស់ឱ្យបន្តរក្សាស្មារតីសាមគ្គីភាព វិន័យ សេចក្តីថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ច ដោយយកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់៕













