FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសាភិបាលរងធនាគារជាតិ លើកទឹកចិត្តសិស្សានុសិស្ស ប្រឹងប្រែងរៀនសូត្រឲ្យបានខ្លាំងក្លា ទើបអាចដើរទាន់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត!

19-11-2026 16:33

(កំពង់ធំ)៖ លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងប្រឹងប្រែងអភិវឌ្ឍសមត្ថភាព លើការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង ៣បន្ទប់ នៅអនុវិទ្យាល័យទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ស៊ុំ សន្និសិទ្ធ បានបញ្ជាក់ថា ទោះបីជា AI មានសមត្ថភាពខ្ពស់ ក្នុងការធ្វើកិច្ចការងារផ្សេងៗ ជំនួសមនុស្សបាន ប៉ុន្តែ AI មិនទាន់អាចធ្វើការងារមួយចំនួន ដែលមនុស្សអាចធ្វើបាន ដូចជាកាយវិការទន់ភ្លន់ ការឱនលំទោន ឬការនិយាយស្តីប្រកបដោយសីលធម៌ និងគុណធម៌នោះបានឡើយ។

លោកបានបន្ដថា «ដូច្នេះខ្ញុំសូមឲ្យក្មួយៗ ត្រូវខិតខំរៀនសូត្រ ស្តាប់បង្គាប់ ត្រូវមានសុជីវធម៌ល្អ និងចេះគោរពដឹងគុណឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ។ លើសពីនេះក្មួយៗត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រឲ្យបានខ្លាំងក្លា ដូចប្រសាសន៍ របស់សម្តេចធិបតី​នាយករដ្ឋមន្រ្តី តែងតែលើកឡើងថា (រៀនឲ្យចេះ រៀនឲ្យមានជំនាញ និងរៀនឲ្យមានការងារធ្វើ)។ ហើយត្រូវចាំថាភាពជោគជ័យ ក្នុងការសិក្សារបស់ក្មួយៗ គឺជាមោទនភាពរបស់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ រាជរដ្ឋាភិបាល និងសប្បុរសជនដែលជាអ្នកឧបត្ថម្ភដែរ»។

លោកបានបញ្ជាក់ថា ដូចនេះទើបនៅក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងអាណត្តិទី៧នេះ បានកំណត់វិស័យអប់រំ ជាអាទិភាពដ៏សំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឲ្យមានភាពរឹងមាំ និងចីរភាព។ ជាមួយនេះរាជរដ្ឋាភិបាល ក៏បានបន្តខិតខំពង្រឹង និងអភិវឌ្ឍវិស័យអប់រំយ៉ាងសកម្ម ដូចជាការកែលម្អគុណភាពសិក្សា ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ការផ្តល់បរិក្ខារសិក្សាដែលទាន់សម័យ ព្រមទាំងការសាងសង់អគារសិក្សាថ្មីៗទូទាំងប្រទេស ដើម្បីធានាថា សិស្សានុសិស្សគ្រប់ទីកន្លែង មានឱកាសស្មើៗគ្នា ទទួលបានការអប់រំប្រកបដោយគុណភាព។

លោក ស៊ុំ សន្និសិទ្ធ បានបន្ដថា អ្វីដែលសំខាន់នោះក្មួយៗត្រូវខិតខំរៀនសូត្រ ឲ្យក្លាយជាសិស្សឆ្នើម និងសិស្សពូកែ ឲ្យសមនឹងពាក្យស្លោក «ទំពាំងស្នងឬស្សី» របស់ជាតិយើង ហើយដើម្បីសម្រេចឲ្យលទ្ធផលល្អទាំងនេះ រាល់ពេលទំនេរក្មួយៗត្រូវ បង្កើតទម្លាប់អានសៀវភៅ ព្រោះសៀវភៅជាឃ្លាំងចំណេះដឹង ដើម្បីអនាគតភ្លឺស្វាងរបស់យើង។

ក្នុងឱកាសលោកក៏បានប្រគល់អំណោយ របស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជូនដល់អនុវិទ្យាល័យទីពោ ចំនួន២លានរៀល, មន្ត្រីការិយាល័យអបរំ យុវជន និងកីឡា ចំនួន១២រូប ដោយក្នុងម្នាក់ៗទទួលបានក្រមា១ និងថវិកា៣ម៉ឺនរៀល។

ក្នុងនោះបានប្រគល់ជូនមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមប្រឹក្សាភូមិចំនួន២១រូប ក្នុងម្នាក់ៗទទួលបានក្រមា១ និងថវិកា ៣ម៉ឺនរៀល។ ផ្ដល់ជូនលោកគ្រូ-អ្នកគ្រូ អនុវិទ្យាល័យទីពោ​ចំនួន១៣រូប ក្នុងម្នាក់ៗទទួលបានក្រមា១ និងថវិកា ៣ម៉ឺនរៀល និងសិស្សានុសិស្ស អនុវិទ្យាល័យទីពោចំនួន៣២៧រូប ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ ដែលមានសៀវភៅ ២ក្បាល, ប៊ិច ២ដើម, ខ្មៅដៃ ២ដើម, ជ័រលុប ១, បន្ទាត់ ១ និងប្រដាប់ខួងខ្មៅដៃ ១) និងថវិកា ១ម៉ឺនរៀល៕