FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកទ្រាំង នាំយកអំណោយកាកបាទក្រហមជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ

19-11-2026 16:30

(តាកែវ)៖ លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំសហការីចុះនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តតាកែវ ទៅផ្ដល់ជូនគ្រួសាររងគ្រោះដោយសារ អគ្គិភ័យឆាបឆេះផ្ទះ កាលពីយប់ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា នៅភូមិព្រៃមៀន ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

ក្នុងឱកាសនោះ លោក អ៊ុំ ចំរើន ក៏បានពាំនាំនូវការចូលរួមសម្ដែងការសោកស្ដាយជាមួយគ្រួសាររងគ្រោះ ដែលជួបហេតុការណ៍អកុសលបែបនេះ ពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះគ្រប់ពេលវេលា ហើយទីណាមានទុក្ខលំបាក ទីនោះតែងតែមានមន្ត្រីកាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ។

សម្ភារដែលសាខាកាកបាទក្រហមខេត្តតាកែវបានផ្ដល់ជូនគ្រួសាររងគ្រោះ រួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ចានបាយ ១០ ចានគោម ១០ ឆ្នាំង ៤ ឆ្នាំងខ្ទះ ២ វែកបាយ ២ វែកឆា ២ វែកសម្លរ ២ ស្លាបព្រា ១៥ ម៉ុង ១ ភួយ ១ ទឹកសុទ្ធ ១ មី ១ កន្ត្រក ១ ថាស ១ និងថវិកា ៥០០,០០០រៀល។

ករណីអគ្គិភ័យនេះបានឆាបឆេះផ្ទះពីរខ្នងរបស់ប្រជាពលរដ្ឋឈ្មោះ យិន សារ៉ុម ភេទស្រី អាយុ ៥៧ឆ្នាំ បណ្ដាលឱ្យខូចខាតសម្ភារៈជាច្រើន រួមទាំងប្រាក់ ២,០០០,០០០រៀលផងដែរ។ ការជួយឧបត្ថម្ភនេះបង្ហាញ ពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជាចំពោះប្រជាពលរដ្ឋរងគ្រោះ៕