អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង
19-11-2026 16:28
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥,៨៩៣ គ្រួសារ មកពីឃុំចំនួន៨ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការលំបាកផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយបញ្ជាក់ថាសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយការលំបាកជូន ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ លោកអភិបាលខេត្តបានណែនាំដល់ប្រជាកសិករឱ្យខិតខំយកចិត្តទុកដាក់ក្នុងការដាំដុះ និងបង្កើនការដាំដំណាំរួមផ្សំបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារ។
ជាមួយគ្នានេះ លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន នៅតាមមូលដ្ឋានរៀងៗខ្លួន។
លោកបានជំរុញឱ្យប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោត ត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦នេះ មានរយៈពេល ៥៥ ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងបានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ៕



















