FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ នៃកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ នៅទីក្រុងហាណូយ ប្រទេសវៀតណាម

19-11-2026 16:26

(វៀតណាម)៖ ក្នុងឱកាសបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ នៃកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ ដែលរៀបចំឡើងនៅទីក្រុងហាណូយ។

ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានលើកឡើងថា ទន្លេមេគង្គ និងបឹងទន្លេសាប មានសារៈសំខាន់ជាអាយុជីវិតសម្រាប់ការអភិវឌ្ឍជាតិ សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប្រជាជនកម្ពុជាជាង ៦០% បានពឹងផ្អែកលើវិស័យកសិកម្ម ជលផល និងធនធានផ្សេងៗទៀតដែលពាក់ព័ន្ធនឹងទឹក។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា របបលំហូរតាមរដូវកាលរបស់ទន្លេមេគង្គ និងទំនាក់ទំនងដ៏ពិសេសជាមួយបឹងទន្លេសាប បានទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី វិស័យជលផល និងផលិតកម្មកសិកម្មរបស់កម្ពុជា។ ដូច្នេះ ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព មិនមែនគ្រាន់តែជាអាទិភាពនៃការអភិវឌ្ឍនោះទេ ប៉ុន្តែគឺជាភាពចាំបាច់ និងជាការទទួលខុសត្រូវរួមគ្នាក្នុងចំណោមបណ្តាប្រទេសតាមដងទន្លេទាំងអស់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់សរុបដែលកើតចេញពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការចែករំលែកព័ត៌មានជលសាស្ត្រទាន់ពេលវេលា និងការគ្រប់គ្រងអាងទន្លេដោយមានការសម្របសម្រួលគ្នា គឺពិតជាចាំបាច់ណាស់ដើម្បីធានានូវនិរន្តរភាព នៃប្រព័ន្ធទន្លេទាំងមូល។

លោករដ្ឋមន្ដ្រី ក៏បានស្នើឱ្យមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ ពិចារណា និងគាំទ្រដល់ការអនុម័ត គម្រោងធនធានទឹករបស់កម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងសមត្ថភាពវិស័យទឹករបស់កម្ពុជា និងការជំរុញគោលដៅរួម ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ៕

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺជាវេទិកាដ៏សំខាន់មួយក្នុងការពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យភាពជាដៃគូក្នុងតំបន់កាន់តែស៊ីជម្រៅ និងប្រែក្លាយចក្ខុវិស័យរួមឱ្យទៅជាលទ្ធផលជាក់ស្តែង។

លោករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់ ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹក ប្រកបដោយចីរភាព បរិយាបន្ន និងធន់នឹងការប្រែប្រួលអាកាសធាតុ នៅទូទាំងអាងទន្លេឡានឆាង-មេគង្គ៕