អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវឲ្យបង្កើនសកម្មភាពដាំដើមឈើ ដើម្បីបរិស្ថានបៃតង និងសុខុមាលភាពសាធារណៈ
19-11-2026 16:22
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់គ្រប់មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យបង្កើនសកម្មភាពចូលរួមដាំដើមឈើនៅគ្រប់ទីកន្លែងដែលអាចដាំបាន។ ការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យបរិស្ថាន ផ្តល់ផាសុកភាព សុខុមាលភាពសាធារណៈ កាត់បន្ថយគ្រោះមហន្តរាយ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរិស្ថាន បៃតង និងភូមិឋានស្អាត»។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណសួនតេជោសន្តិភាព ដងស្ទឹងសិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។
លោក អ៊ុំ រាត្រី បានសង្កត់ធ្ងន់ថា បញ្ហាបរិស្ថាន ជាពិសេសការបាត់បង់ព្រៃឈើ គឺជាបញ្ហាប្រឈមដ៏ចម្បងមួយដែលពិភពលោកកំពុងព្រួយបារម្ភយ៉ាងខ្លាំង។ ការបាត់បង់ព្រៃឈើបាននាំមកនូវគ្រោះមហន្តរាយយ៉ាងធំធេង ដល់ភពផែនដី ដូចជាការប្រែប្រួលអាកាសធាតុ ការឡើងកម្ដៅ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ ការបាត់បង់ជីវចម្រុះ និងគ្រោះទឹកជំនន់ជាដើម។ ដូច្នេះ ការចូលរួមដាំដើមឈើគឺជារឿងចាំបាច់បំផុតដើម្បីការពារភពផែនដីរបស់យើង៕


















