FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកស្ទោង ជំរុញអាជ្ញាធរឃុំចំណាលើ ត្រូវផ្ដល់ឯកសារ និងសេវាផ្សេងៗ ឱ្យដល់ខ្នងផ្ទះពលរដ្ឋ

19-11-2026 16:18

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរឃុំចំណាលើ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈ ជាពិសេសការធ្វើឯកសារអត្រានុកូលដ្ឋានជូន ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងឈានទៅដល់ការផ្ដល់សេវាដល់ខ្នងផ្ទះពលរដ្ឋតែម្ដង។

លោកបានថ្លែងក្នុងពិធីនាំយកស្បៀងដែលជាអំណោយរបស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់គ្រួសារងាយរងហានិភ័យចំនួន៤០គ្រួសារ នៅក្នុងឃុំចំណាលើ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកបញ្ជាក់ថា ការឧបត្ថម្ភគាំទ្រស្បៀងនាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចំពោះសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ជួបការលំបាកដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។

លោកជំរុញអាជ្ញាធរឃុំចំណាលើ រួមមាន៖ លើកកម្ពស់គម្រោងជំនួយសង្គម ដែលអាជ្ញាធរឃុំត្រូវខិតខំរៀបចំ និងលើកគម្រោងជំនួយសង្គមនានា ដើម្បីជួយទ្រទ្រង់ដល់គ្រួសារងាយរងហានិភ័យឱ្យអស់ពីលទ្ធភាព ហើយធ្វើបច្ចុប្បន្នភាពប័ណ្ណសមធម៌ ពិនិត្យ និងធ្វើបច្ចុប្បន្នភាព ព្រមទាំងផ្ដល់ប័ណ្ណគ្រួសារក្រីក្រ ប័ណ្ណងាយរងហានិភ័យ ឬប័ណ្ណសមធម៌ ឱ្យបានជាក់លាក់ និងសុក្រឹតបំផុត ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងក្ដាប់ស្ថិតិ និងអន្តរាគមន៍ទាន់ពេលវេលា ពិសេសត្រូវតាមដានយកចិត្តទុកដាក់ និងធ្វើបច្ចុប្បន្នភាពស្ថិតិគ្រួសារងាយរងហានិភ័យជាប្រចាំ រួចរាយការណ៍ និងស្នើសុំអន្តរាគមន៍មកកាន់អាជ្ញាធរស្រុក អាជ្ញាធរពាក់ព័ន្ធនានា និងក្រុមការងារចុះមូលដ្ឋានឃុំ ដើម្បីចុះជួយឧបត្ថម្ភគាំទ្របានទាន់ពេលវេលា។

ជាមួយគ្នានេះលោក សាយ គឹមឡម បានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមរស់នៅដោយ ហូបស្អាត ផឹកស្អាត រស់នៅស្អាត គោរពច្បាប់ចរាចរណ៍និងចៀសឆ្ងាយពីគ្រឿងញៀន និងជួយអប់រំកូនចៅសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់។

សូមបញ្ជាក់ថា គ្រួសារទាំង៤០ខាងលើ ក្នុងមួយគ្រួសារៗទទួលបាននូវ អង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រី១យួរ៕