ទីក្រុង Metz របស់បារាំង ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា ផ្តោតលើទេសចរណ៍ចីរភាព និងការបណ្តុះបណ្តាលធនធានមនុស្ស
19-11-2026 15:53
(ភ្នំពេញ)៖ ទីក្រុង Metz នៃសាធារណរដ្ឋបារាំង បានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់ការប្រើប្រាស់ភាសាបារាំងក្នុងវិស័យទេសចរណ៍។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក François Grosdidier អភិបាលក្រុង Metz និងជាប្រធាន Eurométropole de Metz នៃសាធារណរដ្ឋបារាំង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ក្នុងជំនួបនេះ លោក ហួត ហាក់ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងអបអរសាទរចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង Metz និងក្រុងសៀមរាប។ លោកចាត់ទុកកិច្ចសហប្រតិបត្តិការនេះជាជំហានសំខាន់ក្នុងការពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ និងការបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍទេសចរណ៍។
ជាមួយគ្នានេះ លោក François Grosdidier បានកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកបានវាយតម្លៃថា ព្រឹត្តិការណ៍នេះជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការបង្ហាញពីអត្តសញ្ញាណ ប្រពៃណី សិល្បៈ និងសក្តានុពលទេសចរណ៍របស់ប្រទេសសមាជិកហ្វ្រង់កូហ្វូនី។
ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ចីរភាព និងបរិយាបន្ន ដោយភ្ជាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការបង្កើតឱកាសសម្រាប់សហគមន៍ ស្របតាមគោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស»។
បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការពង្រឹងសមត្ថភាពធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានជំនាញភាសាបារាំង ការជំរុញការសិក្សា និងការប្រើប្រាស់ភាសាបារាំងក្នុងវិស័យទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍។
កិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថា នឹងរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងបើកឱកាសបន្ថែមក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីប្រទេសបារាំង និងបណ្តាប្រទេសនិយាយភាសាបារាំងមកកាន់កម្ពុជា៕










