មានជនអនាមិកយករូបរដ្ឋមន្ត្រី​​ នេត្រ ភក្ត្រា បង្កើតគណនី Telegram ក្លែងក្លាយ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់

19-11-2026 15:04

(ភ្នំពេញ)៖ សូមប្រុងប្រយ័ត្នមានជនអនាមិក បានយករូបលោក នេត្រ​ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតគណនី Telegram ក្លែងក្លាយ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់។

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា៖​ «ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនង សង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលទង្វើបែបនេះនាំអោយប៉ះពាល់ដល់ កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់ឯកឧត្តមផ្ទាល់»។

ចំពោះករណីក្លែងបន្លំទាំងនេះ ឬការបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើឬ សកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕