វិទ្យាស្ថាន PIBMC នៃក្រសួងការងារ ផ្ដល់ការធ្វើតេស្តទទួលស្គាល់ជំនាញ សម្រាប់អតីតពលករជិត ២ពាន់នាក់ ដោយរដ្ឋាភិបាលជាអ្នកចេញថ្លៃជំនួស
19-11-2026 15:00
(បន្ទាយមានជ័យ)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្ដល់ការធ្វើតេស្តជំនាញ RPL ជំហានទី២ សម្រាប់បងប្អូនអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ លើវិស័យសំណង់ជាង ១,៩៨០នាក់ ចាប់ពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។
បើយោងតាមវិទ្យាស្ថានបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ មានបេក្ខជនសរុបជាង ៤០០នាក់ បានចូលរួមធ្វើតេស្ត ក្នុងជំហានទី២នេះ។ ការធ្វើតេស្តត្រូវបានរៀបចំឡើងលើមុខជំនាញចំនួន ១១មុខជំនាញដោយឥតគិតថ្លៃតាមរយៈរដ្ឋាភិបាលជាអ្នករ៉ាប់រងជំនួស។
ជំនាញទាំង១១ នោះរួមមាន៖ ការងារកំបោរ, ការងារការ៉ូ, ការដំឡើងពុម្ភ, ការដំឡើងបណ្ដាញបំពង់ទឹក, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក, ការផ្សារអគ្គិសនី, ការលាបថ្នាំអគារ, ការងារបេតុង, និងការដំឡើងដំបូល។
សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទំនាក់ទំនងសាកសួរព័ត៌មានតាមលេខទូរស័ព្ទ ០១៧ ៧៥០ ៥០៥/ ០៩៥ ៨៩០ ០២៦/ ០៩២ ៣៥៨ ២៥៨ ឬអញ្ជើញទៅកាន់ទីតាំងដោយផ្ទាល់របស់ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ដែលមានទីតាំងស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ៕






