FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងជំនាញបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំ ចាប់ខ្លួនជនជាតិឡាវ ២នាក់ រឹបអូសគ្រឿងញៀនមួយចំនួនធំនៅភ្នំពេញ

19-11-2026 14:34

(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនឆ្លងដែន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញបង្ក្រាបបានករណីជួញដូរខាងលើនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៖៣៨នាទីរំលងអធ្រាត្រ នៅតាមផ្លូវលំ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនល្មើសចំនួន ០២នាក់ ដែលជាជនជាតិឡាវ រួមមាន៖ ឈ្មោះ VONG PHACHAN AONE ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ HEUANGP ASEUT VANTHALY ភេទប្រុស អាយុ២២ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាង ជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) មួយចំនួនធំ។

សូមជម្រាបថា​ នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើយ៉ាងបោសសម្អាតកុំឱ្យក្រុមឧក្រិដ្ឋជន ដឹកជញ្ជូនគ្រឿងញៀន ឆ្លងកាត់កម្ពុជាតទៅទៀត។

កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ពីការប្តេជ្ញាអនុវត្តបទបញ្ជារបស់ នាយឧត្តមសេនីយ៍អគ្គស្នងការ ដោយខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ បង្ក្រាប ទប់ស្គាត់ការ ជួញដូរ ការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់កម្ពុជា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃគ្រឿងញៀន៕