FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចប​វរ​ធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់ភាគីដែលបានរួមចំណែកធ្វើឲ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីទទួលបានជោគជ័យ​ និងរួមគ្នាលើកកិត្យា​នុភាពជាតិ

19-11-2026 12:24

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ​ចំពោះគណៈកម្មការរៀបចំ កម្លាំងសមត្ថកិច្ច អ្នកសិល្បៈ អ្នកសារព័ត៌មាន អ្នកធ្វើធុរកិច្ច អ្នកមានឥទ្ធិពលលើបណ្តាញសង្គម ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាធ្វើឲ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ សម្រេចបានដោយជោគជ័យដ៏ត្រចះត្រចង់ ​បើទោះបីជាចំណាយថវិកាអស់តិច១៥លានដុល្លារក៏ដោយ តែទាញបានផលមិនអាចគណនាបាន។

ការថ្លែងអំណរគុណនេះ ​ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធប្រើប្រាស់សមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុក ចំនួន៦១កន្លែង នៅស្រុកបាធាយ ខេត្តកំពង់ចាម នា​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

សម្តេចបានកោតសរសើរដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសសាលារាជធានីភ្នំពេញ ដែលបានរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងបរិស្ថានបានយ៉ាងល្អប្រសើរ។ ​

សម្តេចប​វរ​ធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា «​ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលទទួលការរៀបចំសណ្តាប់ធ្នាប់ស​ន្តិសុខបរិស្ថាន ជាពិសេសសាលារាជធានីភ្នំពេញ ដែលធ្វើបានល្អ ​សន្តិសុខសណ្តាប់ធ្នាប់ល្អ មិនឱ្យមានសំរាមផ្សេងៗ ហើយក៏អរគុណទៅដល់បណ្តាខេត្តនានាដែលបានចូលរួមក្នុងការតាំងពិព័រណ៍។ អរគុណដល់សិល្បករ សិល្បៈការិនី ក្រុមបដិសណ្ឋាកិច្ច ជាងគំនូរ អ្នកតម្បាញ សមាគមសិល្បៈ សមាគមន៍ចំណីអាហារ សមាគមនានាដែលពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបាន រួមបង្ហាញពីសិល្បៈវប្បធម៌ដ៏ល្អផូផង់របស់​យើង ការផ្សព្វផ្សាយទេសចរណ៍ផ្សេង»។

ជាមួយ​គ្នានេះ សម្តេចបានថ្លែងអំណរគុណចំពោះបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានបំពេញតួនាទី ដ៏ល្អក្នុងការផ្សព្វផ្សាយ​​ពីកម្ពុជា តាមរយៈព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី។ បន្ថែមពីនេះសម្តេចបានអរគុណដល់វិស័យឯកជនដែលបានចាប់យកឱកាសផ្សព្វផ្សាយពីសក្តានុពលកម្ពុជា និងរួមចំណែកទាក់ម៉ូយ ដែលជាការរួមគ្នាក្នុងការទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

​លើសពីនេះ សម្តេចបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់ការរាក់ទាក់ ភាពកក់ក្តៅទៅកាន់ភ្ញៀវ ​ប្រធានាធិបតីបារាំង និងថ្នាក់ដឹកនាំប្រទេសនានា ដែលបង្ហាញពីភាពថ្លៃថ្លូ និងសីលធម៌ខ្មែរ។ទន្ទឹមគ្នា សម្តេចក៏បានថ្លែងងអំណរ និងកោតសរសើរចំពោះយុវជននិងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមដែលបានជួយផ្សព្វផ្សាយយ៉ាងផុសផុលផងដែរ។

​សម្តេចប​វរ​ធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ គឺបានសបញ្ជាក់ពីការរួបរួមគ្នារបស់ពលរដ្ឋខ្មែរ ក្នុងការបង្ហាញពីកិត្យានុភាពរបស់ជាតិលើឆាកអន្តរជាតិ។​​ ហើយទោះបីជាកិច្ចប្រជុំនេះចំណាយថវិកាប្រមាណ ១៥លានដុល្លារអាមេរិកក៏ដោយ ក៏កម្ពុជាទទួលបានផលប្រយោជន៍មិនអាចគណនាបាន។

កិច្ចប្រជុំកំពូលនេះបាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង រួមមានការសិក្សាវិនិយោគ និងការចុះកិច្ចព្រមព្រៀងនានា។ ការសម្រេចបើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អង្គការហ្វ្រង់កូហ្វូនីនៅកម្ពុជា ដែលជាច្រកដ៏សំខាន់សម្រាប់អាស៊ាន និងហ្វ្រង់កូហ្វូនី។ លើសពីនេះ កិច្ចប្រជុំនេះក៏ជាឱកាសផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ និងបង្ហាញពីសន្តិសុខ សុវត្ថិភាពរបស់កម្ពុជាទៅកាន់ពិភពលោក ដែលបានលាងជម្រះការចោទប្រកាន់ពីបញ្ហាអសន្តិសុខកន្លងមក៕