FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា គឺជាផលប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា (Video inside)

19-11-2026 11:58

(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការសម្រេចរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក្នុងការបើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងហ្វ្រង់កូហ្វូនី គឺជាឱកាសដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងទាក់ទាញអ្នកវិនិយោគអន្តរជាតិមកកម្ពុជា។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១ នៅស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាទទួលបានឱកាសផ្សព្វផ្សាយសក្តានុពលរបស់ខ្លួនទៅកាន់ពិភពលោក និងធ្វើឲ្យវិនិយោគិនបរទេសកាន់តែស្គាល់កម្ពុជាច្បាស់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ហ្រ្វង់កូហ្វូនីគឺយើងបានធំមួយក្រោយពីកិច្ចប្រជុំនេះ គឺហ្រ្វង់កូហ្វូនីបានសម្រេចជាឯកឆន្ទ ឲ្យបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្រ្វង់កូហ្វូនីប្រចាំនៅភ្នំពេញ ដែលជាច្រកតំបន់រវាងហ្រ្វង់កូហ្វូនីជាមួយ នឹងអាស៊ាន ដែលឈានទៅដល់ជាការតួរអង្គមួយដែលអាចផ្ដល់សក្ដានុពលសេដ្ឋកិច្ច និងវិនិយោគឲ្យយើងថែមទៀត នេះជាកិច្ចការសំខាន់»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, កន្លងមកវិនិយោគិនអាមេរិកមួយចំនួនមិនសូវស្គាល់កម្ពុជានោះទេ ប៉ុន្តែក្រោយពីបានមកស្គាល់ពីសក្តានុពល និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពួកគេចាប់ផ្តើមពិចារណានាំយកមូលដ្ឋានអាជីវកម្ម និងការវិនិយោគមកកាន់កម្ពុជាផងដែរ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីលទ្ធផលនៃវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលមានអ្នកចូលរួមប្រមាណ៦០០នាក់ មកពីក្រុមហ៊ុនចំនួន២៧៥ និងជំនួបសហគ្រិនបារាំង-កម្ពុជា ដែលមានអ្នកចូលរួមប្រមាណ១,០០០នាក់ ពីក្រុមហ៊ុនជាង៧៥០ ក្នុងនោះមានក្រុមហ៊ុនបរទេសជិត៥០០ ដែលបានចូលរួមស្វែងរកឱកាស និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកវិនិយោគកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការចូលរួមរបស់វិនិយោគិន និងធុរជនអន្តរជាតិទាំងនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងទាក់ទាញទុនវិនិយោគពីបរទេស។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដែរថា ការចំណាយលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនេះ មានការចូលរួមពីរដ្ឋ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ប្រទេសកាណាដា និងវិស័យឯកជន ដោយការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ៕