FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាឱកាសនៃការទាក់ទាញវិនិយោគ និងផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា (Video inside)

19-11-2026 11:57

(កំពង់ចាម)៖ ថ្លែងចេញពីទឹកដី នៃខេត្ដកំពង់ចាម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាឱកាសនៃការទាញយកផលប្រយោជន៍លើផលសេដ្ឋកិច្ច។

លើសពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ មានក្រុមហ៊ុនជាច្រើន បានសិក្សាពីការវិនិយោគនៅកម្ពុជា និងការចុះកិច្ចព្រមព្រៀងមួយចំនួន។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការ សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក ចំនួន៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែក ទាំង​២កម្រិត​នេះ ចំនួន១០៤ នៅទូទាំងប្រទេស។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលខ្ញុំទៅសម្ពោធ ខ្ញុំប្រាប់ថា រាល់ដងយើងចេញទៅក្រៅ ឥលូវភ្ញៀវមកដល់ផ្ទះហើយ នាំគេមើលក្រុមហ៊ុន, ហេដ្ឋារចនាសម្ព័ន្ធ, ជួប CDC និងមើលគោលនយោបាយ ដោយបានចុះ MOU មួយចំនួន ហើយចាប់ដៃជាច្រើន ដែលនេះជាផលចំណេញ (កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០)»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ចំពោះវិស័យឯកជនវិញ គឺបានបង្កើតឱកាសការងារ និងនាំទុនវិនិយោគបង្កើតសេដ្ឋកិច្ចជាតិ ហើយបើនិយាយអំពីផលចំណេញសេដ្ឋកិច្ច បើគិតជាលុយច្រើនជាងរាល់រយដង នៃការចំណាយលុយរៀ​បចំ ចំនួន១៥លានដុល្លារ។

បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្រេចរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីជាច្រកអាស៊ាន និងហ្វ្រង់កូហ្វូនី គឺជាផលប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា។

គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានចាប់ផ្ដើមឡើង កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាពដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយនេះជាលើកដំបូង ដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ផលប្រយោជន៍រួមកិច្ចប្រជុំនេះ បានផ្ដល់ឱកាសដ៏សំខាន់ ក្នុងការពង្រឹងចំណងទំនាក់ទំនងរវាងសមាជិកនៃអង្គការ OIF បញ្ជាក់ជាថ្មី នូវគុណតម្លៃរួមនៃសាមគ្គីភាព ភាពបើកចំហការសន្ទនាភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី៕