FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផលកែ​លំអហេដ្ឋារ​ចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង

19-11-2026 10:51

(កំពង់ចាម)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុកចំនួន៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង​២កម្រិត​នេះ ចំនួន ១០៤នៅទូទាំងប្រទេស។

ពិធីនេះ រៀបចំឡើងនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រី​ជាន់​ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជនក្នុងខេត្ត​កំពង់​ចាមយ៉ាងច្រើនកុះករ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសោមនស្ស ដែលបានមកចូលរួមនៅក្នុងពិធី​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នៅទូទាំងប្រទេសនាពេលនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបរិក្ខារ ជាពិសេសផ្នែកសង្គ្រោះបន្ទាន់ និង ផ្នែកវះកាត់ ព្រមទាំង បានបំពាក់ឧបករណ៍បរិក្ខារតាមនិយាមបច្ចេកទេសនៅតាមមន្ទីរពេទ្យបង្អែកស្រុក ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ និងពេញលេញ ស្របតាមពាក្យស្លោក «មិនទុកឱ្យពលរដ្ឋណាម្នាក់ មិនបានទទួលការថែទាំសុខភាព»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំមន្ត្រី​រាជការ បុគ្គលិក នៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការគ្នា​ជិត​ស្និទ្ធ ប្រកបដោយស្មារតី «រួមគិត រួមធ្វើ និង រួមទទួលខុសត្រូវ» ក្នុងការជួសជុលកែលម្អហេដ្ឋា​រចនា​សម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្ត នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត១ និងកម្រិត២ ទាំង ៦១កន្លែង នៅទូទាំងប្រទេស ឱ្យស្របតាមតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ និងការវិវត្តនៃវិស័យសុខភាព សាធារណៈ ឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មុនការសម្រេចទម្លាក់កញ្ចប់ថវិកា​សម្រាប់ធ្វើ​ទំនើប​​កម្មសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកស្រុក គឺមានសំណើថវិកាសម្រាប់វិស័យផ្សេងៗច្រើន។ ប៉ុន្តែសម្តេចសម្រេចជ្រើសយកការធ្វើទំនើបកម្មព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកស្រុក ដោយទម្លាក់កញ្ចប់ថវិកា១៨លានដុល្លារ ដើម្បីបំពាក់សម្ភារបរិក្ខារសម្រាប់ការព្យាបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ភារបរិក្ខារដែលបំពាក់​នៅតាមពេទ្យបង្អែ​ក​ស្រុក គឺសុទ្ធតែថ្មីមិនមែនសម្ភារបរិក្ខារមួយទឹកនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បរិក្ខារដែលបំពាក់នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកមិនចាញ់ពេទ្យនៅភ្នំពេញនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើទំនើបកម្មសេវាសុខាភិបាលនៅពេទ្យបង្អែកស្រុក គឺជួយឱ្យសេវាសង្គ្រោះនៅមន្ទីរពេទ្យស្រុកកាន់តែល្អប្រសើរ ហើយមិនលំបាកក្នុងការបញ្ជូនទៅឆ្ងាយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាយលុយចំគោលដៅ ដើម្បីជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​កុំខ្លាចនឹងចាយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារថ្នាក់ជាតិចុះជួយតាមខេត្តនានា អញ្ជើញទៅសម្ពោធដាក់ឱ្យដំណើរការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារបរិក្ខារនៅតាមមន្ទីរពេទ្យបង្អែកស្រុក ដែលត្រូវបានអនុវត្តក្នុងនីតិកាលថ្មីនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋា​ភិបាលបានពុះពារកសាង ប្រព័ន្ធអេកូឡូស៊ីសុខាភិបាលឡើងវិញពីចំណុចសូន្យ ដោយផ្តោតលើការ​កសាង​​ក្របខ័ណ្ឌគតិយុត្ត, ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល, ការអភិវឌ្ឍធនធាន​មនុស្ស និង ការពង្រីកសេវាថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជា​សម្រេចបានវឌ្ឍនភាពគួរជាទីមោទនៈ, ឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្តាញមន្ទីរពេទ្យជាតិ មន្ទីរពេទ្យ​បង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថ​ភាព​ពិគ្រោះ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺជាលំដាប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកសុខភាពប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍមូលធនមនុស្ស និងគឺជាការថែទាំសុខ​ភាពសេដ្ឋកិច្ចជាតិ, តាមរយៈការពង្រឹងគុណភាព និង ប្រសិទ្ធភាព នៃសេវាសុខាភិបាល, ការពង្រីក​លទ្ធ​ភាពទទួលបានសេវាសុខាភិបាល ប្រកបដោយសមធម៌, ការពង្រឹងប្រព័ន្ធគាំពារសុខភាពសាធារណៈ, ការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល និង ការធ្វើទំនើបកម្មហេដ្ឋា​រចនា​សម្ព័ន្ធ និង បច្ចេកវិទ្យាវេជ្ជសាស្ត្រ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបណ្តុះបណ្តាលគ្រូពេទ្យនៅមូលដ្ឋាន ដើម្បីបំពេញការខ្វះគ្រូពេទ្យជំនាញ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យសុខាភិបាល និងការអប់រំ ត្រូវមាននិយាមឱ្យច្បាស់លាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យសុខាភិបាល និងការអប់រំ ត្រូវមាននិយាមការងារឱ្យច្បាស់លាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលដាក់ចេញគោលដៅធ្វើទំនើបកម្មវិស័យសុខាភិបាលជាប់ប្រចាំ ដោយធ្វើពេទ្យបង្អែកស្រុកឱ្យដូចពេទ្យខេត្ត ឬពេទ្យនៅភ្នំពេញ ហើយមណ្ឌលសុខភាព គឺដូចពេទ្យបង្អែកស្រុក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកទេសព្យាបាលជំងឺមួយចំនួន ដូចជាការវះកាត់បេះដូងជាដើម គឺអាចវះកាត់នៅកម្ពុជា ដោយមិនបាច់ចេញទៅក្រៅប្រទេសនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តកែលម្អប្រព័ន្ធអេកូឡូស៊ីសុខាភិបាលកម្ពុជា, តាមរយៈ ការបន្តពង្រឹងសមត្ថភាពសុខាភិបាលនៅមូលដ្ឋាន, ជាពិសេស មន្ទីរពេទ្យបង្អែកស្រុក និង មណ្ឌលសុខភាព, ដើម្បីធានាថា ប្រជាពលរដ្ឋអាចទទួលបានសេវាសង្គ្រោះ និង ព្យាបាលនៅជិតលំនៅឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព និង ឆាប់រហ័ស; អនុវត្តអភិក្រម «ពង្រឹងមូលដ្ឋានពីក្រោមឡើងលើ និង ធ្វើពិពិធកម្មសមត្ថភាពពីលើចុះក្រោម», ពោលគឺ ពង្រឹងមូលដ្ឋានសុខាភិបាល ចាប់ពីប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និង ពេទ្យបង្អែកស្រុក ឡើងមក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល ត្រូវបន្តលើកកម្ពស់គុណភាព​សេវា​សុខា​ភិបាល ជាពិសេសនៅមូលដ្ឋាន ដោយត្រូវពង្រឹងអភិបាលកិច្ចមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ក្នុងការ​ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ និង ឆាប់រហ័ស, ព្រមទាំងត្រូវលើកកម្ពស់សមត្ថភាពមន្ទីរពេទ្យខេត្ត ឱ្យមានសមត្ថភាពខ្ពស់ប្រហាក់​ប្រហែល​នឹងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ, និង មន្ទីរពេទ្យបង្អែកស្រុក ឱ្យមានសមត្ថភាពខ្ពស់​ប្រហាក់​ប្រហែលនឹងមន្ទីរពេទ្យខេត្ត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញការអនុវត្តប្រព័ន្ធគ្រប់​គ្រង​​ទិន្នន័យសុខាភិបាលឱ្យបានច្បាស់លាស់ ដើម្បីគាំទ្រដល់ការរៀបចំ និង អនុវត្តគោលនយោបាយ ដោយត្រូវរៀបចំឱ្យមានគោលការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តន៍អន្តរជាតិ និង ពង្រឹង​សមត្ថភាពបុគ្គលិកសុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រងប្រតិបត្តិការ ការបម្រើសេវា ព្រមទាំងការបង្ការ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ និង ការព្យាបាលជំងឺ ប្រកបដោយគុណភាព និងសុវត្ថិភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាថែទាំ និង ព្យាបាលជំងឺ ប្រកបដោយគុណភាព និងសីលធម៌វិជ្ជាជីវៈ ជាពិសេស ដោយស្មើភាព គ្មានការរើសអើង រួសរាយរាក់ទាក់ និង គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស, ឱ្យស័ក្តិសមជា «កងទ័ពអាវស» តាមរយៈការសិក្សារៀបចំកម្មវិធីបណ្តុះបណ្តាល ជំនាញឯកទេសគ្រប់កម្រិត, ទាំងជំនាញវេជ្ជសាស្រ្ត និង អមវេជ្ជសាស្រ្ត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងទំនាក់ទំនង​រវាង​គ្រឹះ​ស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល មន្ទីរពេទ្យ មូលដ្ឋានសុខាភិបាល និងសហគមន៍ ដើម្បីឱ្យ​និស្សិតពេទ្យទទួលបានបទពិសោធជាក់ស្តែង ជាពិសេសត្រូវផ្តោតលើការថែទាំបឋម ការលើកកម្ពស់​សុខ​ភាព និង ការ-បង្ការជំងឺនៅតាមសហគមន៍ ដោយត្រូវឱ្យនិស្សិតយល់ថា មនុស្សគ្រប់រូបមានតម្លៃ​ជីវិត​ស្មើគ្នា ហើយវិជ្ជាជីវៈសុខាភិបាល ត្រូវផ្សារភ្ជាប់ជាមួយមនុស្សធម៌ គុណធម៌ និង សីលធម៌។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល និង ក្រសួងអប់រំ យុវជន និង កីឡា ត្រូវជំរុញ និស្សិត និងអ្នកជំនាញសុខាភិបាល ឱ្យចេះអក្ខរកម្មសុខាភិបាលឌីជីថល និងអក្ខរកម្មបញ្ញា​សិប្បនិម្មិត ព្រមទាំងយល់ដឹងកាន់តែស៊ីជម្រៅអំពីសុវត្ថិភាពទិន្នន័យ ឯកជនភាព សីលធម៌វិជ្ជាជីវៈ និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវធានាថា អ្នក​ជំនាញ​សុខាភិបាលជំនាន់ថ្មី អាចប្រើប្រាស់ទិន្នន័យ បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិតក្នុងការរៀន ស្រាវជ្រាវ ធ្វើរោគវិនិច្ឆ័យ និងសម្រេចចិត្តផ្នែកគ្លីនិក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស, ទាំងក្នុងវិស័យ​សាធា​រណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់​ស្កាត់​ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលធ្វើឱ្យអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺត្រូវចំណាយច្រើន ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែល​បានចូលរួមគាំទ្រ អបអរសាទរ និងរួមគ្នាបដិសណ្ឋារកិច្ចមេដឹកនាំប្រទេសនានាក្នុង​ឱកាស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ជារឿងមោទនភាពសម្រាប់កម្ពុជា ហើយជាកេរដំណែលប្រវត្តិសាស្ត្រ ដែលសម្តេចព្រះបរមរតនកោដ្ឋជាស្ថាបនិកមួយអង្គ ជាមួយស្ថាបនិក៣រូបផ្សេងទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តចំពោះលោក សម រង្ស៊ី ដែលចុះផ្សាយវាយប្រហារលើការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី រហូតដល់សារព័ត៌មានថៃយកទៅចុះផ្សាយបន្ត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រដ្ឋចាយអស់ ១៥លានដុល្លារ ក្រៅពីនោះមានការចូលរួមពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាណាដា និងវិស័យឯកជន។ សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ការរៀបចំត្រូវបានរឹតត្បិតការចំណាយ ហើយធ្វើឱ្យចំគោលដៅ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថវិកាដែលចំណាយ១៥លានដុល្លារនេះ គឺចាយដើម្បីពង្រឹងកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានផ្សព្វផ្សាយកម្ពុជាយ៉ាងទូលំទូលាយទៅកាន់ពិភពលោក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាឱកាសនៃការទាញយកផលប្រយោជន៍លើផលសេដ្ឋកិច្ច។ មានក្រុមហ៊ុនជាច្រើន បានសិក្សាពីការវិនិយោគនៅកម្ពុជា និងការចុះកិច្ចព្រមព្រៀងមួយចំនួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីជាច្រកអាស៊ាន និងហ្វ្រង់កូហ្វូនី គឺជាផលប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាឱកាសនៃការផ្សព្វផ្សាយមរតកវប្បធម៌សិល្បៈរបស់ខ្មែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា ជាឱកាសសម្រាប់កម្ពុជាលើកបង្ហាញពីបញ្ហា និងការរងគ្រោះរបស់កម្ពុជាបណ្តាលពីជម្លោះព្រំដែនជាមួយថៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពិធីជប់លៀងជាងមួយម៉ោង​រវាងមេដឹក​នាំ​អាស៊ាន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅប្រទេសហ្វីលីពីន សម្តេចបានអរគុណលោក ដូណាល់ ត្រាំ សម្រាប់ការជួយឱ្យមានសេចក្តីថ្លែងការណ៍រួមនៅកូឡាឡាំពួរ។ សម្តេចបន្តថា លោក ត្រាំ ប្រកាសបន្តជួយឱ្យមានការអនុវត្តពេញលេញលើសេចក្តីថ្លែងការណ៍រួមនោះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា កម្ពុជា បានចរចាពន្ធជាមួយអាមេរិកតាំងពីមួយឆ្នាំមុន។ សម្តេចបញ្ជាក់តបទៅនឹងចម្ងល់ពលរដ្ឋមួយចំនួន ពេលឃើញអាមេរិក និងថៃ ចុះកិច្ចព្រមព្រៀងលើបញ្ហាពន្ធនៅប្រទេសហ្វីលីពីន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមហ៊ុនជប៉ុន បានសម្រេចបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្តាច់មុខ ដើម្បីចែកចាយទៅប្រទេសផ្សេងៗនៅក្នុងតំបន់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញ​ការ​ព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ជាពិសេសគាំទ្រជំហកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំ កម្លាំងសមត្ថកិច្ច អ្នកសិល្បៈ អ្នកសារព័ត៌មាន អ្នកធ្វើធុរកិច្ច អ្នកមានឥទ្ធិពលលើបណ្តាញសង្គម ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានសម្រេចដោយជោគជ័យ។ ការចំណាយថវិកា ១៥លានដុល្លារ ទាញបានផលមិនអាចគណនាបាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖៤៦នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕