សម្តេចតេជោ ហ៊ុន សែន រំលែកមរណទុក្ខចំពោះមរណភាព លោកសាស្ត្រាចារ្យ Yoshiaki ISHIZAWA អ្នកជំនាញជប៉ុន ដែលបានជួយស្តារវប្បធម៌កម្ពុជា
19-11-2026 09:41
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវសេចក្តីរន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកសាស្ត្រាចារ្យ Yoshiaki ISHIZAWA អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
សម្តេចតេជោបានលើកឡើងថា មរណភាពរបស់លោកសាស្ត្រាចារ្យ ISHIZAWA គឺជាការបាត់បង់ដ៏ធំធេង នូវអ្នកជំនាញដ៏ឆ្នើមមួយរូប ដែលបានចូលមកជួយស្តារវប្បធម៌កម្ពុជា មុនគេនៅឆ្នាំ១៩៨០ ខណៈពេលនោះកម្ពុជាកំពុងរងភ្លើងសង្គ្រាមនៅឡើយ។ តាមរយៈទឹកចិត្តស្រឡាញ់លើវិស័យវប្បធម៌ និងការអភិរក្ស លោកសាស្ត្រាចារ្យបានចូលរួមសិក្សា ស្រាវជ្រាវ និងធ្វើការងារអភិរក្ស ព្រមទាំងបានស្តារឡើងវិញ នូវបូជនីយដ្ឋានអង្គរ តាមរយៈគម្រោងសំខាន់ៗ ដូចជាគម្រោងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត។
ក្នុងនាមជាថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យសូហ្វីយ៉ា លោកសាស្ត្រាចារ្យក៏បានបង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកស្រាវជ្រាវ ផ្សព្វផ្សាយ និងកិច្ចការអភិរក្សដល់និស្សិតបុរាណវិទ្យា និងស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជាបន្តបន្ទាប់។ ការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់លោកសាស្ត្រាចារ្យ ដើម្បីបុព្វហេតុថែរក្សា ការពារ និងបណ្តុះបណ្តាលធនធានមនុស្សទាំងនេះ នឹងស្ថិតនៅក្នុងការចងចាំជានិច្ចនៃប្រវត្តិសាស្ត្រមរតកវប្បធម៌ខ្មែរតរៀងទៅ។
សម្តេចតេជោ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ Yoshiaki ISHIZAWA បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕






