សៀវភៅ «យុទ្ធសាស្ត្រត្រីកោណឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា» និងសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី» បានប្រគល់ជូនស្ថានទូតកម្ពុជា និងនិស្សិតខ្មែរសិក្សានៅសហព័ន្ធរុស្ស៉ី
18-11-2026 23:55
(ភ្នំពេញ)៖ សៀវភៅ «យុទ្ធសាស្ត្រត្រីកោណឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា» និងសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី» ត្រូវបានប្រគល់ជូនស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៉ី និងនិស្សិតខ្មែរសិក្សានៅសហព័ន្ធរុស្ស៉ី នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
សៀវភៅនេះ ត្រូវបានប្រគល់ដោយលោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញជួបសំណេះសំណាលជាមួយប្រធានសមាគមនិស្សិតខ្មែរសិក្សានៅសហព័ន្ធរុស្សី ដែលរៀបចំដោយលោក អៀម ពុឌ្ឍវិរោ ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងមានការចូលរួមពី លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល, បណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងជំនួយការយុវជនគណបក្សថ្នាក់កណ្តាល។
ក្នុងជំនួបនោះ លោកបណ្ឌិតបានសាកសួរពីសុខទុក្ខ និងការសិក្សារបស់ប្អូនៗនិស្សិតខ្មែរដែលកំពុងក្រេបជញ្ជក់ចំណេះដឹងនៅសហព័ន្ធរុស្ស៊ី ព្រមទាំងបានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះដឹង និងជំនាញទាំងនោះ មកចូលរួមអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិតក៏បាននាំយកនូវសៀវភៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជាច្រើនច្បាប់ មកប្រគល់ជូនដល់ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ព្រមទាំងតំណាងសមាគមនិស្សិតខ្មែរសិក្សានៅសហព័ន្ធរុស្សីផងដែរ។
ជាកិច្ចបញ្ចប់ មានកម្មវិធីទទួលទានអាហារសាមគ្គី ដោយក្តីសោមន្ស ខណៈលោក រ៉ូម៉ាន់ ម៉ាលីណូវស្តី (Роман Сергеевич Малиновский) ប្រធានសហភាពនៃក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ ក៏បានចូលរួម៕














