FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី រំលេចយ៉ាងខ្ពស់ត្រដែតនូវមោទនភាព និងផលប្រយោជន៍កម្ពុជា (Video inside)

18-11-2026 20:16

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៤ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងទើបតែបិទបញ្ចប់ដោយជោគជ័យនាពេលថ្មីៗនេះ កម្ពុជាពិតជាបានបង្ហាញមុខមាត់ជាថ្មី លើឆាកអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាលើកដំបូងជាប្រវត្តិសាស្ត្រ ដែលមាន​ការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់មកពីបណ្តាប្រទេសជិត៩០ និង​មាន​អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង១០០០នាក់ ចូលរួមផ្តិតយករូបភាព និងខ្លឹមសារព័ត៌មាន​យ៉ាងទូលំទូលាយ។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាកិត្តិយស និងមោទនភាពសម្រាប់ប្រជាជាតិ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបង្ហាញពីការរីកចម្រើន សមត្ថភាពការទូត និងតួនាទីកម្ពុជាក្នុង​កិច្ច​ការ​អន្តរជាតិ។

តាមរយៈវីដេអូរយៈពេលប្រមាណ១៥នាទី ជាខ្លឹមសារសង្ខេបផលិតដោយអង្គភាពព័ត៌មានិងប្រតិ​កម្ម​រហ័ស សម្រាប់កម្ពុជា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាសមិទ្ធផលការទូតដ៏មានតម្លៃ ដែល​បង្ហាញថា ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម ការបែកបាក់ជាតិ និងការធ្លាក់ក្នុងស្ថានភាពលំបាក​យ៉ាង​ធ្ងន់​ធ្ងរស្ទើរក្លាយជាផេះផង់ បែរជាអាចងើបឈរឡើងវិញ និងក្លាយជាទីកន្លែងវេទិកាអន្តរជាតិសម្រាប់​ការ​ពិភាក្សា​អំពីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួម។

ជុំវិញព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ចំណុចលេចធ្លោរធំៗ​ចំនួន​៥ ក្នុងចំណោមជោគជ័យជាច្រើនទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលហ្វ្រង់​កូហ្វូនី​លើក​ទី២០នៅកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យ ដែលបានបង្ហាញពីការរីកចម្រើនសមត្ថ​ភាព​រៀបចំ និងតួនាទីកម្ពុជាក្នុងកិច្ចការអន្តរជាតិ។

វាជាមោទនភាពរបស់ប្រជាជាតិទាំងមូល ដែលបានឃើញរាជធានីភ្នំពេញក្លាយជាទីតាំង​ប្រមូលផ្តុំ​មេ​ដឹក​នាំ និងតំណាងជាន់ខ្ពស់ពីបណ្តាប្រទេសជាច្រើន ដើម្បីពិភាក្សាអំពីអនាគតនៃសន្តិភាព និងវិបុលភា​ព​រួម។ ជាងនេះទៅទៀត តម្លៃជាងកិត្តិយស គឺសមត្ថភាពរបស់កម្ពុជាក្នុងការបម្លែងឱកាសនេះ​ទៅជាផល​ប្រយោជន៍យូរអង្វែងសម្រាប់ប្រទេសជាតិ និងប្រជាជន។

ផលប្រយោជន៍ទាំងនោះរួមមាន ការពង្រឹងអធិបតេយ្យភាព និងកិត្យានុភាពជាតិ ការពង្រីកទំនាក់​ទំនង​ការទូត ការទាក់ទាញការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា និងការបង្កើតឱកាស​ថ្មីៗ​សម្រាប់យុវជន។

មោទនភាពដែលកម្ពុជាទទួលបានពីការធ្វើជាម្ចាស់ផ្ទះ គឺជាកម្លាំងចិត្តដ៏សំខាន់ ប៉ុន្តែភាពជោគជ័យពិត​ប្រាកដ គឺការធ្វើឱ្យកិត្តិយសនោះក្លាយជាសមិទ្ធផលជាក់ស្តែង។ ពោលគឺកម្ពុជា មិនត្រឹមតែចង់ឱ្យពិភព​លោកស្គាល់កម្ពុជាតាមរយៈការរៀបចំកិច្ចប្រជុំដ៏ធំមួយប៉ុណ្ណោះទេ ប៉ុន្តែចង់ឱ្យពិភពលោក​មើលឃើញ​កម្ពុជា​ជាប្រទេសដែលមានសក្តានុពល ជាដៃគូដែលគួរឱ្យទុកចិត្ត និងជាប្រទេសដែលអាចចូល​រួម​ចំណែក​ក្នុងការកសាងសន្តិភាព និងវិបុលភាពរួម៕