ឧបនាយករដ្ឋមន្ត្រី ស សុខា ចុះសួរសុខទុក្ខ និងនាំអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែន ឈរជើងនៅសមរភូមិជួរមុខទិសភូមិភាគទី៤ ខេត្តព្រះវិហារ

18-11-2026 20:09

(ព្រះវិហារ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងនាំយកអំណោយជាថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ជាច្រើនយកទៅប្រគល់ជូនផងដែរ។

ពិធីនេះបានប្រព្រឹត្តទៅនៅគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនគរបាលជាតិ លោកអភិបាលខេត្តព្រះវិហារ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមេបញ្ជាការ មន្ត្រីនគរបាល និងកងកម្លាំងពាក់ព័ន្ធជាច្រើនទៀត។

ក្នុងឱកាសនេះលោក អភិសន្តិបណ្ឌិត ស សុខា បាននាំយកប្រសាសន៍សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះកងកម្លាំងនគរបាលទាំងអស់ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តោយព្រំដែន ដោយសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារជាតិ និងប្រជាជន។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលការពារព្រំដែន ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ អត់ធ្មត់ និងមានភាពអង់អាចក្លាហាន ក្នុងការឈរជើងការពារសន្តិសុខ សុវត្ថិភាព និងបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។ ការលះបង់របស់កងកម្លាំង គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ឱ្យបន្តរក្សាស្មារតីសាមគ្គីភាព វិន័យ និងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញភារកិច្ច ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីបន្តបំពេញបេសកកម្មការពារជាតិឱ្យបានល្អប្រសើរ។

ដើម្បីឆ្លើយតបចំពោះការខិតខំប្រឹងប្រែង និងដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំង លោកឧបនាយករដ្ឋមន្ត្រី បាននាំយកថវិកា គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងសម្ភារប្រើប្រាស់ប្រគល់ជូនដូចខាងក្រោម៖

ទី១៖ ប្រគល់ជូននាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ រួមមាន ថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក អង្ករចំនួន ៥០តោន ប្រេងសាំងចំនួន ១ម៉ឺនលីត្រ និងប្រេងម៉ាស៊ូតចំនួន ១ម៉ឺនលីត្រ។

ទី២៖ ប្រគល់ជូនកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកប្រចាំខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចំនួន ៦វរសេនាតូច ដោយក្នុងមួយវរសេនាតូចទទួលបានថវិកាចំនួន ១០លានរៀល អង្ករចំនួន ៥តោន មីកញ្ចប់ចំនួន ១០០កេសធំ គុយទាវកញ្ចប់ចំនួន ៧៥កេសធំ ត្រីខកំប៉ុងចំនួន ៣០កេស ទឹកត្រីចំនួន ៣០យួរ ទឹកស៊ីអ៊ីវចំនួន ៣០យួរ សាច់ក្រកចំនួន ៣០គីឡូក្រាម ទឹកបរិសុទ្ធចំនួន ៥០កេស និងតង់ចំនួន ៥០តង់។

ទី៣៖ ប្រគល់ថវិកាចំនួន ៥លានរៀលជូនក្រុមគ្រូពេទ្យ ដើម្បីគាំទ្រដល់ការបំពេញភារកិច្ចថែទាំសុខភាពជូនកងកម្លាំង។

ការចុះជួបសំណេះសំណាល និងការផ្តល់អំណោយនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ចំពោះកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែន ព្រមទាំងជាការលើកទឹកចិត្តឱ្យកងកម្លាំងបន្តស្មារតីមោះមុត និងការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា៕