FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) ឆ្នាំ២០២៧ ជាលើកដំបូង

18-11-2026 18:43

(ម៉ាឡេស៊ី)៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលភារកិច្ចពីកងទ័ពជើងគោកម៉ាឡេស៊ី រៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ក្នុងឆ្នាំ២០២៧ ជាលើកដំបូង។

ពិធីប្រគល់–ទទួលនេះ បានប្រព្រឹត្តទៅក្នុងឱកាស ដែលនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៧ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ «ការជំរុញការត្រៀមលក្ខណៈរួមរបស់កងទ័ពជើងគោកអាស៊ាន ដើម្បីតំបន់មួយប្រកបដោយស្ថិរភាព និងសន្តិសុខ»។

នៅក្នុងកិច្ចប្រជុំតុមូល នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចែករំលែកទស្សនៈរបស់កម្ពុជា ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងតាមរយៈការចូលរួមពហុភាគី ដោយបានសង្កត់ធ្ងន់លើការកសាងទំនុកចិត្ត កិច្ចសន្ទនាបើកចំហ និងការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ ស្របតាមច្បាប់អន្តរជាតិ។

កិច្ចប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍រួម ដែលកំណត់ទិសដៅសំខាន់ចំនួន៥ រួមមាន៖ (១) ការពង្រឹងការត្រៀមលក្ខណៈរួម (២) ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរវិជ្ជាជីវៈ (៣) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង (៤) ការជំរុញអន្តរប្រតិបត្តិការ និងការកសាងសមត្ថភាព (៥) ព្រមទាំងការអភិវឌ្ឍសមត្ថភាពកងទ័ពប្រកបដោយភាពធន់ និងចីរភាព។

នៅក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងពិនិត្យទិសដៅពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ និងការផ្លាស់ប្តូរទស្សនកិច្ច។

គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹងមិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន តាមរយៈកិច្ចសន្ទនា ការផ្លាស់ប្តូរបទពិសោធន៍ និងការលើកកម្ពស់ភាពជាអ្នកដឹកនាំ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់៕