អភិបាលស្រុកស្ទោងជំរុញឱ្យមន្ទីរពេទ្យបង្អែកស្ទោង ពង្រឹងគុណភាព និងពិនិត្យតម្លៃសេវា ឱ្យបានល្អប្រសើរ និងកុំឱ្យខ្ពស់ជាងឯកជន
18-11-2026 18:15
(កំពង់ធំ)៖ អភិបាលស្រុកស្ទោងជំរុញឱ្យមន្ទីរពេទ្យបង្អែកស្ទោ ពង្រឹងគុណភាព និងពិនិត្យតម្លៃសេវា ឱ្យបានល្អប្រសើរនិងកុំឱ្យខ្ពស់ជាងឯកជន។
លោក សាយ គឹមឡម បានស្នើនេះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការហិរញ្ញប្បទានសុខាភិបាលស្រុក កាលពីរសៀលថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២៦។
លោកបានបន្ថែមថាកិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការឆ្លើយតបទៅនឹងបរិបទ បច្ចុប្បន្នភាពនៃជីវភាព ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងតម្លៃទំនិញ តម្លៃថ្នាំ និងបរិក្ខារសុខាភិបាល។
លោកអភិបាលស្រុកស្ទោង បានស្នើ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាកើដឹកនាំមន្ទីរពេទ្យបង្អែកស្ទោង ឱ្យធ្វើការពិនិត្យឡើងវិញលើតម្លៃសេវាសុខាភិបាលរបស់ខ្លួន ដោយមិនត្រូវឱ្យមានកម្រិតខ្ពស់ជាងតម្លៃសេវានៅតាមមន្ទីរពេទ្យ ឬគ្លីនិកឯកជននោះឡើយ ។
ជាមួយគ្នានេះ លោកអភិបាលស្រុក បានគូសបញ្ជាក់ពីចំណុចគន្លឹះសំខាន់ៗជាអនុសាសន៍មួយចំនួន ដើម្បីធានាថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលបានសេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់ សមធម៌ និងមានតម្លៃសមរម្យ ជាពិសេស លោកបានស្នើឱ្យមន្ទីរពេទ្យបង្អែកស្ទោងអនុវត្តតាមចំណុចសំខាន់ៗដូចជា តម្លៃសេវាវេជ្ជសាស្ត្រ និងព្យាបាលទាំងអស់ ត្រូវតែសមរម្យ និងស្ថិតក្នុងកម្រិតមួយដែលធូរស្រាលជាង ឬស្មើនឹងសេវាឯកជន ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋមានជីវភាពខ្សត់ខ្សោយ និងទទួលបាននូវការជឿទុកចិត្តពីអ្នកជំងឺនិងសាធារណៈជន ការពង្រីកក្រមសីលធម៌វិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាព ដែលមន្ត្រីសុខាភិបាលទាំងអស់ត្រូវពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌ ការយកចិត្តទុកដាក់ ការប្រាស្រ័យទាក់ទងដោយភាពទន់ភ្លន់ និងការព្យាបាលដោយមានបច្ចេកទេសច្បាស់លាស់ ដើម្បីបង្កើនជំនឿទុកចិត្តពីសំណាក់អ្នកជំងឺ និងការប្រើប្រាស់វិក្កយបត្រឱ្យបានត្រឹមត្រូវដើម្បីធានាឱ្យមានតម្លាភាពដាច់ខាតតាមរយៈការចេញវិក្កយបត្រផ្លូវការរាល់ពេលមានការបង់ប្រាក់សេវាផ្សេងៗ និងតម្លាភាព
លើសពីនេះលោកសាយ គឹមឡម បាទអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងអស់ ឱ្យងាកមកប្រើប្រាស់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្ទោង ដែលមានការធានាទាំងស្ដង់ដារបច្ចេកទេស និងការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យជំនាញផ្ទាល់។
ក្នុងនាមរដ្ឋបាលស្រុកស្ទោង លោកសាយ គឹមឡម បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការដាក់ចេញនូវវិធានការ និងការរៀបចំនេះ មន្ទីរពេទ្យបង្អែកស្ទោងនឹងកាន់តែមានភាពរីកចម្រើន និងក្លាយជាទីពឹងដ៏កក់ក្តៅបំផុតសម្រាប់សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងមូល។




















